ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដក​ហូត​ការ​ទទួល​ស្គាល់​បុគ្គលិក​ស្ថានទូត​អង់គ្លេស ៦​ នាក់​សម្រាប់​សកម្មភាព​វិទ្ធង្សនា

xinhua

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានដកហូតការទទួលស្គាល់បុគ្គលិកចំនួន ៦នាក់នៃស្ថានទូតអង់គ្លេសប្រចាំប្រទេសរុស្ស៊ី ដោយលើកឡើងពីការចូលរួមរបស់ពួកគេនៅក្នុងសកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា។

FSB បានឲ្យដឹងថា ខ្លួនបានទទួលឯកសារដែលបញ្ជាក់ថា ទីក្រុងឡុងដ៍ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពយោធាអន្តរជាតិ និងស្ថានការណ៍នយោបាយកើនឡើង នេះបើយោងតាមរបាយការណ៍របស់ RIA Novosti ។

FSB បានដាក់ឈ្មោះនាយកដ្ឋាន សម្រាប់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនៃការិយាល័យបរទេស កុម្ម៉ង់វែល និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសថា ជាអង្គភាពចម្បង ដែលរៀបចំសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងរុស្ស៊ី និងប្រទេស Commonwealth of Independent States (CIS)។

ប្រភពបានឲ្យដឹងទៀតថា នាយកដ្ឋានដែលត្រូវបានបង្កើតឡើង ដើម្បីផ្តោតលើកិច្ចការរុស្ស៊ី និង CIS បានដំណើរការប្រកបដោយប្រសិទ្ធភាពជាសេវាស៊ើបការណ៍សម្ងាត់ពិសេស ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពបានបន្ថែមថា “អង្គហេតុដែលបានលាតត្រដាងផ្តល់ហេតុផល ដើម្បីពិចារណាសកម្មភាពរបស់អ្នកការទូតអង់គ្លេស ដែលបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូ ដោយថាជាការគំរាមកំហែងដល់សន្តិសុខនៃសហព័ន្ធរុស្ស៊ី” ដោយកត់សម្គាល់ថាគោលបំណងសំខាន់របស់វា គឺធ្វើឱ្យខូចដល់យុទ្ធសាស្ត្ររបស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top