ព័ត៌មានអន្តរជាតិ

លោក ពូទីន ព្រមានលោកខាងលិច កុំឲ្យចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន

afp

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយ បណ្តាប្រទេសលោកខាងលិច ប្រថុយនឹងការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

សារព័ត៌មាន​រុស្ស៊ី​ដក​ស្រង់​សម្តីលោក ពូទីន ឲ្យដឹងថា “ក្នុង​កាលៈទេសៈ​បែប​នេះ រុស្ស៊ី នឹង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​សមស្រប ដោយ​ផ្អែក​លើ​ការ​គំរាម​កំហែង​ថ្មី​នេះ”។

រដ្ឋាភិបាលអ៊ុយក្រែន បាន​កំពុង​អង្វរ​សម្ព័ន្ធមិត្ត​លោកខាងលិច​ឱ្យ​ប្រើ​មីស៊ីលរបស់ខ្លួន រួមទាំង​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ ដើម្បី​បាញ់​ចូល​ទឹកដី​រុស្ស៊ី​យ៉ាង​ជ្រៅ នេះ​បើតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច។

លោ កពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា “តាមពិតទៅ មានតែអ្នកបម្រើមកពីប្រទេសណាតូប៉ុណ្ណោះ ដែលអាចធ្វើការហោះហើរទៅកាន់ប្រព័ន្ធមីស៊ីលទាំងនេះ ហើយអ៊ុយក្រែន មិនអាចធ្វើដូច្នេះបានទេ” ។

លោកបានអះអាងថា “ដូច្នេះនេះមិនមែនជាសំណួរនៃការអនុញ្ញាតឱ្យរបបអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយអាវុធទាំងនេះឬអត់នោះទេ។ វាគឺជាសំណួរនៃការសម្រេចចិត្តថាតើប្រទេសណាតូ ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធាមួយនេះ ឬអត់”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top