រ៉ងហ្គូន៖ យោងតាមក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់២២៦នាក់ហើយ ខណៈមនុស្សចំនួន៧៧នាក់ នៅតែបាត់ខ្លួននៅឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះទឹកជំនន់បានបង្កផល ប៉ះពាល់ដល់ សង្កាត់រាប់សិបនៅទូទាំង ប្រទេសនេះ ដោយបានសម្លាប់សត្វ ចំនួន១២៨.៣៤៤ក្បាល ។ ក្រុមខាងលើបានឲ្យដឹងទៀតថា ជម្រកសរុបចំនួន៤៣៨កន្លែង ត្រូវបានបង្កើតឡើង សម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ ។
តំបន់ និងរដ្ឋដែលរងផលប៉ះពាល់រួមមាន Kayah, Kayin, Bago, Magway, Mandalay, Mon, Shan, Ayeyarwady និងតំបន់ Nay Pyi Taw Union Territory ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ គ្រោះទឹកជំនន់ក៏បានបំផ្លាញផ្ទះ អស់ចំនួន២.១១៦ ខ្នង អគារមន្ទីរចំនួន ១១៧ សាលារៀន ចំនួន១.០៤០កន្លែង អគារសាសនាចំនួន៣៨៦ និងបានលិចលង់លើផ្ទៃដី ដំណាំចំនួន៦៤៣.០៨១ហិកតា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះទឹកជំនន់ដែលកំពុងរីករាលដាល នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ គឺបណ្តាលមកពីភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងដែលបង្កឡើង ដោយព្យុះទីហ្វុង Yagi និងមានភ្លៀងធ្លាក់ចុះនៅក្នុងឈូងសមុទ្រ Bengal ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា