វៀតណាម ៖ អាជ្ញាធរវៀតណាមបានរាយការណ៍ថា ប៉ូលីសនៅភាគកណ្តាលប្រទេស វៀតណាមបានចាប់ខ្លួនបុរស ២ នាក់ពីបទបោកប្រាស់៤០ ម៉ឺនដុល្លារអាមេរិក តាមបណ្តាញផ្សព្វផ្សាយសង្គម Facebook ពីជនរងគ្រោះចំនួន ៥០០ នាក់ នៅទូទាំងប្រទេសវៀតណាម យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
មន្ត្រីនៅទីក្រុង Da Nang និងខេត្ត Quang Tri បានចាប់ខ្លួនលោក Cao Van Hieu អាយុ ២៨ ឆ្នាំ និងលោក Mai Thanh Quoc អាយុ ២៦ ឆ្នាំកាលពីថ្ងៃអង្គារ ក្រោយពីក្រុមប៉ូលីសធ្វើការស៊ើបអង្កេតលើសកម្មភាពក្លែងបន្លំ និងការកាន់កាប់ទ្រព្យសម្បត្តិអ្នកទំាង២ នាក់។ ៤ ថ្ងៃមុន ប៉ូលីសព្រហ្មទណ្ឌក្រុង Da Nang បានទទួលរបាយការណ៍ជាច្រើនពីជនរងគ្រោះ ត្រូវបានគេទាក់ទងដោយក្លែងបន្លំជាសាច់ញាតិរបស់ពួកគេនៅបរទេស។ អ្នកក្លែងបន្លំបានផ្ញើសារ និងទូរស័ព្ទតាម Facebook ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគជាទឹកប្រាក់។
ប៉ូលិសបានតាមដានការលាក់ខ្លួនរបស់ក្រុមនេះនៅស្រុក Trieu Phong នៃខេត្ត Quang Tri រហូតឈានដល់ការចាប់ខ្លួនលោក Hieu និងលោក Quoc ។ បុរសទាំង ២ នាក់ បានសារភាពថា បានប្រើបច្ចេកទេសផ្សេងៗដើម្បីលួចគណនី Facebook របស់ពលរដ្ឋវៀតណាមរស់នៅបរទេស បន្ទាប់មកពួកគេ បានក្លែងបន្លំជាម្ចាស់គណនីទាំងនេះ ដើម្បីផ្ញើសារទៅកាន់សាច់ញាតិរបស់ពួកគេក្នុងប្រទេសវៀតណាម ដោយស្នើសុំការវិនិយោគ។
ប៉ូលិសបានបន្ថែមឲ្យដឹងថា ដើម្បីគេចពីការឃាត់ខ្លួន ជនសង្ស័យបានប្រើគណនីហ្គេម ដើម្បីលាងលុយ ដែលលួចបាន សកម្មភាពទំាងនេះ វាបង្កការលំបាកដល់សមត្ថកិច្ចក្នុងការ តាមរកលុយដែលឆបោកពីជនរងគ្រោះចំនួន ៥០០នាក់នោះណាស់។
នេះបើតាមការស៊ើបអង្កេតបឋមបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ ២០២៤ ក្រុមរបស់លោក Hieu និង Quoc បានលួចចូលគណនី Facebook ចំនួន ១,០០០ គណនី និងបានក្លែងបន្លំប្រហែល ៤០ម៉ឺនដុល្លារអាមេរិកពីជនរងគ្រោះជាង ៥០០ ទូទាំងប្រទេស៕