តូក្យូ៖ អ្នកជំនាញត្រូវបានបែងចែកថាតើចក្រភពអង់គ្លេស នឹងបន្តចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងជាមួយជប៉ុន និងអ៊ីតាលី នៅពេលដែលរដ្ឋាភិបាលថ្មី ចាប់ផ្តើមពិនិត្យយ៉ាងទូលំទូលាយលើការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឬយ៉ាងណា។
រដ្ឋាភិបាលការងារថ្មីអះអាងថា ខ្លួនបានទទួលមរតកនៃផលលំបាកពីសារពើពន្ធ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានស្នើថា គម្រោងថ្លៃៗ ដូចជាកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នាជាមួយជប៉ុន និងអ៊ីតាលី អាចត្រូវបានកែប្រែនៅក្នុងការត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ ដែលត្រូវបានដាក់ឱ្យដំណើរការតាមរយៈ ឆមាសទីមួយនៃឆ្នាំក្រោយ។
អ្នកជំនាញការពារជាតិឲ្យដឹងថា អង់គ្លេសត្រូវការយន្តហោះចម្បាំងថ្មី។ អ្នកខ្លះមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា អង់គ្លេស នឹងនៅតែស្ថិតក្នុងគម្រោងយន្តហោះចម្បាំង ដែលគេស្គាល់ថាជាកម្មវិធី Global Combat Air Program (GCAP) ខណៈដែលអ្នកផ្សេងទៀតគិតថាវានៅឆ្ងាយពីភាពជាក់លាក់។
នាយករដ្ឋមន្ត្រីថ្មីលោក Keir Starmer បានពណ៌នាអំពីគម្រោងនេះថា “សំខាន់” ប៉ុន្តែបានបញ្ឈប់ការធានាពីអនាគតនៃកិច្ចព្រមព្រៀងមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
GCAP ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ហើយយន្តហោះចម្បាំងជំនាន់ទី៦ ត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលអភិរក្សនិយមនៅពេលនោះ ដែលជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាតំបន់អឺរ៉ូ-អាត្លង់ទិក៕
ប្រែសម្រួល ឈូក បូរ៉ា