បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូលោក Ivan Chebeskov បាននិយាយថាការប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបង្កកដើម្បីធ្វើប្រាក់កម្ចីដល់អ៊ុយក្រែនគឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយថារុស្សីនឹងធ្វើការតបតចំពោះលោកខាងលិច។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះទំហំច្រើនជាងពីរភាគបីនៃមូលនិធិប្រហែល ២១៣ពាន់លានដុល្លារ កំពុងរក្សាទុកនៅឯការិយាល័យបោសសម្អាតប្រាក់ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល។
គួរឲ្យដឹងដែរថាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបាននិយាយបែបនេះ នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នគ្រប់គ្រង IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។
ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២០ ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកជាវត្ថុបញ្ចាំ៕
ប្រែសម្រួល៖ ស៊ុនលី