ព័ត៌មានអន្តរជាតិ

២ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​មិនមាន​ព្រំដែន​ដី​គោក

តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​មួយ​ដែល​មាន​ ១១ប្រទេស​រួម​មាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រ​ខាង​កើត និង​វៀតណាម។

ចំណោម ១១ប្រទេស​នេះមាន​តែ ២ប្រទេស​ប៉ុណ្ណោះ ដែល​មិនមាន​ព្រំដែន​ដី​គោក។ ប្រទេស​ទាំង ២នោះ​គឺ ហ្វីលីពីន និង​សិង្ហបុរី។

ហ្វីលីពីន​ជា​ប្រទេស​ប្រជុំ​កោះ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សមុទ្រ។ ប្រទេស​នេះ​មាន​ទំហំ ៣០០ ០០០គីឡូម៉ែត្រ​ការេ ដោយ​ខាង​លិច​ជាប់​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ខាង​កើត​ជាប់​នឹង​សមុទ្រ​ហ្វីលីពីន។ បើ​តាម​ឯកសារ​មួយ​ចំនួន ទោះ​ជា​អត់​ព្រំដែន​គោក​មែន ប្រទេស​នេះ​មាន​ព្រំដែន​សមុទ្រ​ជាមួយ ៧ប្រទេស/ដែនដី​រួម​មាន ចិន ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ (Palau) តៃវ៉ាន់ និង​វៀតណាម។ ព្រំដែន​សមុទ្រ​របស់​ប្រទេស​នេះ ភាគ​ច្រើន​នៅ​មិន​ទាន់​កំណត់​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ។

ចំណែក​ឯ​សិង្ហបុរី​វិញ ជា​បុរី​រដ្ឋ​មួយស្ថិត​នៅ​ចំ​ចំណុច​ជ្រោយ​ម៉ាឡាកា ដែល​ជា​ទីតាំង​មមាញឹក​បំផុត​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ។ ប្រទេស​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ទោះ​ជា​ចែក​ខណ្ឌ​គ្នា​ដោយ​សមុទ្រ​ក៏​ពិត​មែន ម៉ាឡេស៊ី និង​សិង្ហបុរី​អាច​ឆ្លង​ទៅ​រក​គ្នា​បាន​តាម​រយៈ​ស្ពាន​ព្រំដែន​ចំនួន ២កន្លែង​គឺ​នៅ​វូដលែនដ៍ (Woodlands) និង​ទ័ស (Tuas)៕

ប្រែសម្រួល៖ ទេព សុវណ្ណមោលី/sby

Most Popular

To Top