ព័ត៌មានអន្តរជាតិ

លោក Elon Musk គាំទ្រឲ្យអាមេរិក ក្នុងការដកខ្លួនចេញ ពីយូអិននិងណាតូ

New York Post

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានគាំទ្រជាសាធារណៈ ចំពោះគំនិត នៃការដកខ្លួន ចេញពីអង្គការសហប្រជាជាតិ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថាណាតូ NATO ។

ឆ្លើយតបទៅនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលតស៊ូមតិបែបនេះ កាលពីថ្ងៃអាទិត្យលោក Musk ដែលដឹកនាំនាយកដ្ឋាន ប្រសិទ្ធភាពរដ្ឋាភិបាល សហរដ្ឋអាមេរិក (DOGE) បានបញ្ចេញមតិថា ខ្ញុំយល់ព្រម ប្រសិនបើមានការសម្រេចចិត្តពិតមែន ។

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាពិចារណាឡើងវិញ នូវការចូលរួមរបស់វ៉ាស៊ីនតោននៅក្នុងអង្គការ សហប្រជាជាតិ ក៏ដូចជានៅក្នុងប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ។

កាលពីខែកុម្ភៈ ព្រឹទ្ធសមាជិក Mike Lee នៃរដ្ឋ Utah បានណែនាំច្បាប់ Disengaging ទាំងស្រុងពី United Nations Debacle (DEFUND) Act ដោយស្នើឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការ សហប្រជាជាតិ ។

លោក Lee បានរិះគន់អង្គការសហប្រជាជាតិថាជា ៖វេទិកាសម្រាប់ជនផ្តាច់ការ ដែលវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកហេតុផលថា ទោះបីជាមានការផ្តល់ មូលនិធិយ៉ាងសំខាន់ក៏ដោយ អង្គការនេះបានបរាជ័យ ក្នុងការទប់ស្កាត់សង្គ្រាម ការប្រល័យពូជសាសន៍ ការរំលោភសិទ្ធិមនុស្ស និងជំងឺរាតត្បាត។

រំលឹកដែរថា កាលពីក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៦ របស់គាត់ លោក Trump បានពណ៌នាអង្គការ សហប្រជាជាតិថា ទន់ខ្សោយ និងអសមត្ថភាព ដោយនិយាយថា វាមិនមែនជាមិត្ត នៃលទ្ធិប្រជាធិបតេយ្យសេរីភាព សហរដ្ឋអាមេរិកផងដែរ ។ កាល​ពី​ខែ​មុន រដ្ឋបាល​លោក Trump បាន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​មហាសន្និបាត ​អង្គការ​សហប្រជាជាតិ​ ដែល​ទាមទារ​ឲ្យ​រុស្ស៊ី ​ដក​ខ្លួន​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top