ទីក្រុងហាណូយ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយកដ្ឋានទេសចរណ៍ ហាណូយបានស្នើសុំភ្នាក់ងារ ទេសចរណ៍កុំរៀបចំដំណើរ ទេសចរណ៍ ទៅកាន់ផ្លូវរថភ្លើង ដ៏ពេញនិយមចំពេលមានការព្រួយ បារម្ភអំពីសុវត្ថិភាពដែលកំពុងកើនឡើង។
នាយកដ្ឋានក៏តម្រូវ ឲ្យភ្នាក់ងារទេសចរណ៍ លើកកម្ពស់ការយល់ដឹង ក្នុងចំណោមបុគ្គលិក របស់ពួកគេអំពីហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងតំបន់ ដែលហាងកាហ្វេតាមដងផ្លូវ រថភ្លើងដំណើរការ ។ លើសពីនេះ អាជ្ញាធរពាក់ព័ន្ធត្រូវ សម្របសម្រួលយ៉ាងសកម្ម ដើម្បីរកឲ្យឃើញ ទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ ពេលវេលានូវការរំលោភបំពាននានា ស្របតាមបទប្បញ្ញត្តិ ។
ផ្លូវរថភ្លើងតម្រង់ជួរ ជាមួយហាងកាហ្វេបណ្តោះអាសន្ន ត្រឹមតែជើងពីផ្លូវរថភ្លើងក្នុង Old Quarter ត្រូវបានបិទជាផ្លូវការកាលខែកញ្ញា ឆ្នាំ ២០២២ ដោយសារការព្រួយ បារម្ភអំពីសុវត្ថិភាព ។ ទោះបីជាមានរបាំង និងប៉ុស្តិ៍ត្រួតពិនិត្យនៅចុង ទាំង២នៃផ្លូវ Tran Phu និង Phung Hung ក៏ដោយ ក៏ហាងកាហ្វេជាច្រើន នៅតែបន្តដំណើរការ ដោយទាក់ទាញហ្វូងភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើន ជាពិសេសនៅថ្ងៃចុងសប្តាហ៍។
មនុស្សរាប់ពាន់នាក់ បាននាំគ្នាទៅកន្លែងថតរូប រថភ្លើងឆ្លងកាត់ ដែលជំរុញឲ្យអ្នកខាង ក្នុងឧស្សាហកម្មទេសចរណ៍ជំរុញ ឲ្យរដ្ឋាភិបាលពិចារណា ប្រែក្លាយវាទៅជាកន្លែង ទាក់ទាញទេសចរណ៍ ជាជាងហាមឃាត់វា។
កន្លងមក គណៈកម្មាធិការ ប្រជាជន ស្រុក Hoan Kiem បានស្នើម្តងហើយម្តងទៀត ឲ្យអនុវត្តការផាកពិន័យ ចំពោះអាជីវកម្មដែលដំណើរ ការនៅតាមបណ្តោយផ្លូវរថភ្លើង ដោយសារការរំលោភបំពានម្តងហើយម្តងទៀត នៅច្រករបៀងសុវត្ថិភាពផ្លូវរថភ្លើង ដែលមិនត្រូវបានដោះស្រាយពេញលេញ ។
ទាំងអ្នកស្រុក និងអ្នកទេសចរមិនត្រឹម តែប្រមូលផ្ដុំគ្នាតាមច្រករបៀងផ្លូវរថភ្លើងប៉ុណ្ណោះទេ ថែមទាំងកកកុញនៅលើផ្លូវរថភ្លើង ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព ។ ការសម្រេចចិត្តរបស់ នាយកដ្ឋានទេសចរណ៍ហាណូយ ក្នុងការហាមឃាត់ការធ្វើដំណើរ ទៅកាន់តំបន់នេះត្រូវបានគេមើលឃើញថា ជាវិធានការធានាសុវត្ថិភាពភ្ញៀវទេសចរ បង្កើតច្រករបៀងផ្លូវរថភ្លើងប្រកបដោយសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ៕
