ទីក្រុងហូជីមិញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនពីបទដំណើរការគម្រោងមួយដែលបានប្រែក្លាយសាច់ជ្រូកទៅជាសាច់គោក្លែងក្លាយដោយប្រើឈាមគោ និងសារធាតុគីមីឧស្សាហកម្ម ដោយផ្គត់ផ្គង់ដល់ភោជនីយដ្ឋានរាប់សិបកន្លែងនៅទូទាំងទីក្រុង។
នាយកដ្ឋានប៉ូលីសសេដ្ឋកិច្ចនៃនាយកដ្ឋានប៉ូលីសទីក្រុងហូជីមិញបានប្រកាសពីការចាប់ខ្លួននៅថ្ងៃចន្ទ ដោយដាក់លោក Le Quang Quyet លោក Nguyen Duc Dat អាយុ ៣៣ ឆ្នាំទាំង ២ នាក់ និងមនុស្ស ៥ នាក់ផ្សេងទៀតឲ្យស្ថិតក្រោមការស៊ើបអង្កេត ពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ។
ការស៊ើបអង្កេតបានចាប់ផ្តើមកាលពីខែមុន នៅពេលប៉ូលីសបានត្រួតពិនិត្យរោងចក្រកែច្នៃមួយ។ នៅទីនោះ ពួកគេបានចាប់ខ្លួនលោក Quyet និងបុគ្គលិករបស់លោក ដែលកំពុងធ្វើសកម្មភាពដាក់ស្លាកសាច់ជ្រូកថា ជាសាច់គោ។ អ្នកស៊ើបអង្កេតបានសង្កេតឃើញសាច់រាប់សិបគីឡូក្រាម កំពុងរៀបចំសម្រាប់ដឹកជញ្ជូន និងបង្ហាញសញ្ញាជាក់ស្តែងនៃការក្លែងក្លាយ។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Quyet ប៉ូលីសបានពង្រីកការស្វែងរករបស់ពួកគេទៅកាន់ឃ្លាំងមួយក្នុងសង្កាត់ Hiep Binh ជាកន្លែងដែលពួកគេបានចាប់ខ្លួនលោក Dat និងរឹបអូសសាច់គោក្លែងក្លាយជិត ២៥០ គីឡូក្រាម។
អាជ្ញាធរបានកំណត់អត្តសញ្ញាណលោក Quyet ជាមេខ្លោងនៃប្រតិបត្តិការនេះ ដែលបានដំណើរការតាំងពីខែកុម្ភៈមកម្ល៉េះ ដោយគ្មានអាជ្ញាប័ណ្ណអាជីវកម្ម ឯកសារពន្ធ ឬកិច្ចសន្យាការងារ។ លោក Quyet បានសារភាពថា លោក Dat បានផ្តល់ទាំងការណែនាំអំពីការផលិត និងវត្ថុធាតុដើម រួមទាំងសាច់ជ្រូក សូដ្យូមមេតាប៊ីស៊ុលហ្វីតកម្រិតឧស្សាហកម្ម និងសារធាតុបន្ថែមផ្សេងៗ៕
