ព័ត៌មានអន្តរជាតិ

តារាសិចអង់គ្លេសនាង Bonnie Blue ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសឥណ្ឌូនេស៊ីរយៈពេល ១០ឆ្នាំ បន្ទាប់ពីផលិតខ្លឹមសារអាសអាភាស

ឥណ្ឌូនេស៊ី៖ មន្ត្រីអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃទី ២២ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់តារាសិចអង់គ្លេស នាង Bonnie Blue រយៈពេល ១០ ឆ្នាំ បន្ទាប់ពីការនិរទេសនាង ដោយសារតែការផលិតខ្លឹមសារដែលអាចបង្កឲ្យមានភាពចលាចលជាសាធារណៈក្នុងប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នារីអាយុ ២៦ ឆ្នាំរូបនេះ មានឈ្មោះពិតថា នាង Tia Billinger ត្រូវបាននិរទេសខ្លួននៅខែធ្នូ បន្ទាប់ពីប៉ូលីសបានឆ្មក់ចូលស្ទូឌីយោមួយនៅ Badung ជាស្រុកទេសចរណ៍ដ៏ពេញនិយមមួយនៅជិតរដ្ឋធានី Denpasar របស់ខេត្តបាលី។ នាងត្រូវបានឃុំខ្លួនរួមជាមួយបុរសអង់គ្លេស ២ នាក់ និងបុរសអូស្ត្រាលីម្នាក់ ដោយសង្ស័យថា បានផលិតខ្លឹមសារអាសអាភាស។

នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២២ ខែធ្នូថា បន្ទាប់ពីពិនិត្យមើលទូរសព្ទរបស់នាង Billinger ប៉ូលីសបានរកឃើញវីដេអូឯកជន ប៉ុន្តែអាជ្ញាធរមិនបានចោទប្រកាន់ទេ ព្រោះសម្ភារៈនោះសម្រាប់ឯកសារឯកជន មិនមែនសម្រាប់ចែកចាយជាសាធារណៈទេ។

លោក Yuldi Yusman ប្រធានស្តីទីនៃនាយកដ្ឋានបាននិយាយថា អាជ្ញាធរបានរកឃើញថាពួកគេបានចូលប្រទេសឥណ្ឌូនេស៊ីដោយប្រើទិដ្ឋាការនៅពេលមកដល់សម្រាប់ការផលិតខ្លឹមសារពាណិជ្ជកម្មអាចបង្កឲ្យមានភាពចលាចលជាសាធារណៈ។ លោកបានបន្តថា ដូច្នេះ យើងបានដាក់បម្រាមចូលប្រទេសរយៈពេល ១០ ឆ្នាំ ពីព្រោះសកម្មភាពទាំងនេះមិនស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សារូបភាពទេសចរណ៍មានគុណភាពរបស់កោះបាលី និងការគោរពចំពោះតម្លៃវប្បធម៌ក្នុងស្រុក។

ប្រទេសឥណ្ឌូនេស៊ីហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការផលិតសម្ភារៈអាសអាភាស អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣៦០,000 ដុល្លារអាមេរិក។ នាង Billinger និងសហការីម្នាក់ឈ្មោះ Liam Andrew Jackson អាយុ ២៧ ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ២០០,000 ដុល្លារឥណ្ឌូនេស៊ី (១២ ដុល្លារអាមេរិក) កាលពីថ្ងៃទី ១២ ខែធ្នូ ពីបទបំពានច្បាប់ចរាចរណ៍៕

Most Popular

To Top