ទីក្រុងហូជីមិញ៖អាជ្ញាធរទីក្រុងហូជីមិញ បាននិយាយថា មនុស្សជាង ៦០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងហូជីមិញ បន្ទាប់ពីសង្ស័យថា ពុលអាហារទាក់ទងនឹងនំបាញ់មីដែលទិញពីហាងនំប៉័ងក្នុងស្រុកមួយកន្លែង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិករវាងថ្ងៃទី ១៩ និង ២១ ខែធ្នូ បន្ទាប់ពីមានរោគសញ្ញារួមមានឈឺពោះធ្ងន់ធ្ងរ ក្អួត រាគ និងគ្រុនក្តៅ ។ អ្នកជំងឺជាច្រើនត្រូវការការព្យាបាលបន្ទាន់។
មន្ទីរពេទ្យទូទៅបារៀបានបញ្ជាក់ថា ខ្លួនបានទទួលករណីរាប់សិបនៅថ្ងៃទី ២២ ខែធ្នូ រួមទាំងអ្នកជំងឺធ្ងន់ធ្ងរមួយចំនួន ដែលនៅតែស្ថិតក្រោមការថែទាំសុខភាព។ អ្នកជំងឺភាគច្រើនបានធូរស្បើយហើយ ដោយខ្លះបានចេញពីមន្ទីរពេទ្យរួចហើយ។
អ្នកជំងឺម្នាក់ឈ្មោះ អ្នកនាង Duong Thi Khanh បាននិយាយថា អ្នកនាងបានទិញនំបាញ់មីចំនួន ៦ ពីហាងនំប៉័ង ង៉ុកហា នៅល្ងាចថ្ងៃទី ១៩ ខែធ្នូ។ នៅព្រឹកបន្ទាប់ សមាជិកគ្រួសារទាំង ៦ នាក់បានវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ នៅថ្ងៃទី ២២ ខែធ្នូ នាង និងកូនប្រុសរបស់នាងនៅតែមានអាការៈឈឺពោះ និងរាគ។
អ្នកជំងឺម្នាក់ទៀតឈ្មោះនាង Le Thi Thao Vy បាននិយាយថា នាងបានធ្លាក់ខ្លួនឈឺនៅថ្ងៃដដែល បន្ទាប់ពីញ៉ាំបាយបាញ់មីសម្រាប់អាហារពេលព្រឹក ដោយមានអាការៈឈឺពោះ ក្អួត និងគ្រុនក្តៅ។ នាងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការប្រើថ្នាំដោយខ្លួនឯងមិនអាចធ្វើឲ្យស្ថានភាពរបស់នាងប្រសើរឡើង៕
