ព័ត៌មានអន្តរជាតិ

អ្នកប្រើប្រាស់បារីអេឡិចត្រូនិច ប្រឈមមុខនឹងការពិន័យរហូតដល់ ១៩០ ដុល្លារនៅប្រទេសវៀតណាម

វៀតណាម៖ នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល បានប្រាប់ឲ្យដឹងថា អ្នកដែលប្រើប្រាស់បារីអេឡិចត្រូនិច ឬផលិតផលថ្នាំជក់ដែលមានកម្ដៅក្នុងប្រទេសវៀតណាមនឹងត្រូវប្រឈមមុខនឹងការពិន័យចាប់ពី ៣ លានដុង ដល់ ៥ លានដុងស្មើនឹង ១១៤ ដល់ ១៩០ ដុល្លារអាមេរិក ហើយនឹងត្រូវបំផ្លាញផលិតផលទាំងនោះ ។

យោងតាមក្រឹត្យលេខ ៣៧១ ដែលចូលជាធរមាននៅថ្ងៃទី ៣១ ខែធ្នូ បុគ្គលដែលប្រើប្រាស់បារីអេឡិចត្រូនិច ឬផលិតផលថ្នាំជក់ដែលមានកម្ដៅនៅបរិវេណក្រោមកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់ពួកគេនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ៥ លានដុង ដល់ ១០ លានដុង។ ចំពោះអង្គការ ការពិន័យនឹងត្រូវកើនឡើងទ្វេដង។

ក្រឹត្យនេះកំណត់បារីអេឡិចត្រូនិចថាជាផលិតផលដែលមានឧបករណ៍អេឡិចត្រូនិច ធុងដាក់សារធាតុរាវបារីអេឡិចត្រូនិច និងសារធាតុរាវខ្លួនឯង។ផលិតផលថ្នាំជក់មានកម្ដៅត្រូវបានកំណត់ថាជាផលិតផលមានឧបករណ៍អេឡិចត្រូនិច និងថ្នាំជក់កែច្នៃជាពិសេស។

រដ្ឋសភាវៀតណាមបានយល់ព្រមក្នុងសម័យប្រជុំខែវិច្ឆិការបស់ខ្លួនដើម្បីហាមឃាត់ការផលិត ការជួញដូរ ការនាំចូល ការរក្សាទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ដែលមានកំដៅចាប់ពីឆ្នាំ ២០២៥ ដើម្បីការពារសុខភាពសាធារណៈ។ រដ្ឋាភិបាលត្រូវបានប្រគល់ភារកិច្ចឲ្យអនុវត្តការហាមឃាត់នេះ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសក្នុងចំណោមកុមារ និងក្មេងជំទង់ អំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Dao Hong Lan បានមានប្រសាសន៍ថា ការហាមឃាត់នេះត្រូវបានណែនាំដោយសារតែផលប៉ះពាល់អវិជ្ជមានដល់សុខភាពដែលទាក់ទងនឹងបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ក្តៅ។ សមាជិកសភាជាតិក៏បានយល់ស្របផងដែរថា ការពង្រឹងការហាមឃាត់ និងរឹតបន្តឹងការគ្រប់គ្រងលើសកម្មភាពជួញដូរខុសច្បាប់គឺចាំបាច់៕

Most Popular

To Top