ព័ត៌មានអន្តរជាតិ

ថ្នាក់រៀនទទេ៖ ប្រទេសកូរ៉េខាងត្បូងបង្ខំបិទសាលារៀនជាង ៤០០០ខ្នង ដោយសារវិបត្តិអត្រាកំណើត

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាលារៀនជាង ៤០០០ ខ្នងនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបិទទ្វារ ដោយសារចំនួនសិស្សថយចុះយ៉ាងខ្លាំង បង្ខំឲ្យប្រព័ន្ធអប់រំរបស់ប្រទេសធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យបរិវេណសាលារាប់រយកន្លែងមុនៗត្រូវបានបោះបង់ចោល។

នេះបើយោងតាមការចុះផ្សាយរបស់ Korea Herald ថា យោងតាមទិន្នន័យពីក្រសួងអប់រំដែលទទួលបានដោយសមាជិកសភា Jin Sun-mee បានឲ្យដឹងថា សាលាបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យសរុបចំនួន ៤.០០៨ ខ្នងទូទាំងប្រទេសបានបិទទ្វាររហូតមកដល់ពេលនេះ ដោយសារតែចំនួនសិស្សចុះឈ្មោះចូលរៀនធ្លាក់ចុះ ។

នេះបើយោងតាមការចុះផ្សាយរបស់ Korea Times ថា សាលាបឋមសិក្សាមានចំនួនភាគច្រើននៃការបិទទ្វារ មានចំនួន ៣.៦៧៤ បន្ទាប់មក គឺសាលាមធ្យមសិក្សាចំនួន ២៦៤ និងវិទ្យាល័យចំនួន ៧០។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សាលាចំនួន ១៥៨ ត្រូវបានបិទទ្វារ ហើយ ១០៧ ខ្នងទៀតត្រូវបានគេរំពឹងថានឹងបិទទ្វារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារចំនួនសិស្សបន្តធ្លាក់ចុះ ។

ការបិទទ្វារត្រូវបានកត់សម្គាល់ឃើញច្បាស់បំផុតនៅខាងក្រៅទីក្រុងធំៗ។ ខេត្ត North Jeolla ត្រូវបានគេព្យាករថានឹងកត់ត្រាចំនួនសាលារៀនបិទទ្វារនាពេលអនាគតច្រើនជាងគេ ដោយមានសាលារៀនចំនួន ១៦ បន្ទាប់មកគឺខេត្ត South Jeolla មានសាលារៀនចំនួន ១៥ ខេត្ត Gyeonggi មានសាលារៀនចំនួន ១២ និងខេត្ត South Chungcheong មានសាលារៀនចំនួន ១១។ តួលេខទាំងនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនប្រជាជននៅតំបន់ជនបទ និងមិនមែនជាទីក្រុង។

យោងតាមស្ថិតិកូរ៉េ (KOSTAT) ដែលជាទីភ្នាក់ងារស្ថិតិផ្លូវការរបស់ប្រទេស អត្រាមានកូនសរុប (TFR) របស់កូរ៉េខាងត្បូងថា អត្រាកំណើតរបស់ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាទាបបំផុតនៅលើពិភពលោក។ សម្រាប់ឆ្នាំ ២០២៤ គឺ ០,៧៤៨ មានទាបជាង ២,១ ត្រូវការសម្រាប់ការជំនួសចំនួនប្រជាជន។

ទីតាំងសាលារៀនចាស់ៗជាច្រើនមិនទាន់រកឃើញគោលបំណងថ្មីនៅឡើយទេ។ ក្នុងចំណោមសាលារៀនចំនួន ៤.០០៨ បានបិទទ្វារ មាន ៣៧៦ នៅតែមិនប្រើប្រាស់។ ក្នុងចំណោមនោះ ២៦៦ ត្រូវបានទុកចោលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ខណៈ ៨២ ត្រូវបានបោះបង់ចោលអស់រយៈពេលជាង ៣០ ឆ្នាំ។

លោក Jin បាននិយាយថា សាលារៀនជាច្រើនទៀតត្រូវបានគេរំពឹងថានឹងបិទទ្វារដោយសារតែចំនួនសិស្សធ្លាក់ចុះ ដោយអំពាវនាវឲ្យមានផែនការរយៈពេលវែងដើម្បីប្រើប្រាស់ឡើងវិញនូវកន្លែងស្នាក់នៅដែលមិនបានប្រើប្រាស់ជាទ្រព្យសម្បត្តិសម្រាប់សហគមន៍ក្នុងតំបន់៕

Most Popular

To Top