ឥណ្ឌូនេស៊ី ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាថ្ងៃចន្ទ ព្រះរាជអាជ្ញាឥណ្ឌូនេស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងអតីតរដ្ឋមន្ត្រីអប់រំ និងជាសហស្ថាបនិកក្រុមហ៊ុន Gojek គឺលោក Nadiem Makarim ពីបទចោទប្រកាន់ពីបទទិញ កុំព្យូទ័រយួរដៃមិនត្រឹមត្រូវ ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលនាំឲ្យមានការខាតបង់រដ្ឋចំនួន ១២៥.៦៤ លានដុល្លារ។
ព្រះរាជអាជ្ញាបាននិយាយនៅ ក្នុងសវនាការដំបូងថា លោក Makarim បានលាលែងពីតំណែងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនហៅតាក់ស៊ី Gojek ក្នុងឆ្នាំ ២០១៩ ដើម្បីក្លាយជារដ្ឋមន្ត្រីអប់រំ រហូតដល់ឆ្នាំ ២០២៤ ត្រូវបានចោទប្រកាន់ពីបទបានកេងប្រវ័ញ្ចខ្លួនឯងប្រហែល ៨០៩ ពាន់លានរូពី (៤៨.៣៤ លានដុល្លារ) ពីការទិញកុំព្យូទ័រយួរដៃ Chromebook និង Chrome OS សម្រាប់សាលារៀនរវាងឆ្នាំ ២០២០ និង ២០២២ ។
ព្រះរាជអាជ្ញា បានបន្តថា លោក Makarim បានបង្កើតលក្ខណៈបច្ចេកទេសដេញថ្លៃដែលសមនឹងប្រព័ន្ធ Chrome ដើម្បីធ្វើឲ្យ Google ក្លាយជាអ្នកគ្រប់គ្រងតែមួយគត់ នៃប្រព័ន្ធអេកូឡូស៊ីអប់រំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ការចោទប្រកាន់ប្រឆាំងនឹងលោក Makarim មានការកាត់ទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ។
លោក Makarim បានបដិសេធការធ្វើខុស មេធាវីរបស់គាត់គឺលោក Ari Yusuf Amir បានប្រាប់អ្នកយកព័ត៌មាន ដោយបន្ថែមថា សំណុំរឿងរបស់ព្រះរាជអាជ្ញាខ្វះភស្តុតាងរឹងមាំ។ លោក Amir បាននិយាយថា លោកនឹងស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់។
ក្រុមហ៊ុន Google របស់ Alphabet មិនត្រូវបានចោទប្រកាន់ទេ ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។
ក្រុមហ៊ុន Gojek បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Tokopedia ក្នុងឆ្នាំ ២០២១ ។ ក្រុមហ៊ុនរួមបញ្ចូលគ្នាគឺក្រុមហ៊ុន PT GoTo Gojek Tokopedia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
អ្នកស៊ើបអង្កេតនៅការិយាល័យ អគ្គព្រះរាជអាជ្ញាបានចាប់ខ្លួនលោក Makarim កាលខែកញ្ញា ចំពោះតួនាទីរបស់គាត់ក្នុងសំណុំរឿងនេះ រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៅក្រសួង ៕
