ចិន៖ប្រព័ន្ធផ្សព្វផ្សាយចិន បានចេញផ្សាយជាផ្លូវការថា ក្រុមបាល់ទាត់ជម្រើសជាតិ U23 ចិនអាចទទួលបានប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៨១ លានយ័ន (១១,៦២ លានដុល្លារអាមេរិក) ប្រសិនបើពួកគេយកឈ្នះវៀតណាម ដណ្តើមបានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាស៊ីក្រោមអាយុ២៣ ឆ្នាំ ២០២៦ “2026 U23 Asian Cup” យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
សារព័ត៌មានធំៗដូចជា Sina និង 163 បានកំណត់អត្តសញ្ញាណអ្នកឧបត្ថម្ភ នៅពីក្រោយប្រាក់រង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់នេះថា ជាមហាសេដ្ឋីចិន លោក Guo Guangchang។
មហាសេដ្ឋីវ័យ ៥៨ ឆ្នាំរូបនេះ គឺជាប្រធាន និង ជាស្ថាបនិកម្នាក់នៃ Fosun International ជាក្រុមហ៊ុនឯកជនមួយ ដែលធ្វើប្រតិបត្តិការក្នុងវិស័យឱសថ ធានារ៉ាប់រង ទេសចរណ៍ និងរ៉ែ។ យោងតាម Forbes គិតត្រឹមឆ្នាំ ២០២៦ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៣ ពាន់លានដុល្លារ ធ្វើឲ្យលោកក្លាយជាឥស្សរជនមាន ឥទ្ធិពលបំផុតម្នាក់របស់ប្រទេសចិន។
លោក Guo មិនមែនជាមនុស្សចម្លែកចំពោះពិភពបាល់ទាត់នោះទេ ដោយបានធ្វើឲ្យមានចំណងជើងព័ត៌មានក្នុងឆ្នាំ ២០២៦ នៅពេលក្រុមហ៊ុនរបស់លោកបានទិញយកក្លឹបអង់គ្លេស Wolverhampton Wanderers ជាផ្លូវការ។ ក្រោមការគ្រប់គ្រងរបស់លោក Wolves បានធានាការឡើងឋានៈពី Championship ទៅ Premier League ឆ្នាំ ២០១៨ ហើយនៅតែស្ថិតនៅទីនោះរហូតមកដល់ពេលនេះ។
យោងតាម 163 បាននិយាយថា លោក Guo បានសន្យាផ្តល់រង្វាន់ ចំនួន ១១.៦២ លានដុល្លារជាពិសេស សម្រាប់ជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងវៀតណាម។ ខណៈ Fosun មិនទាន់បានចេញសេចក្តី ថ្លែងការណ៍ជាផ្លូវការ ប្រភពព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយចិនអះអាងថា ផែនការផ្តល់រង្វាន់ត្រូវបានបញ្ចប់ ដើម្បីជំរុញស្មារតីរបស់ក្រុមមុនពេលការប្រកួតដ៏តានតឹង៕
