បរទេស៖ មនុស្សជាង ៣០០០ នាក់ត្រូវបានសម្លាប់ និងអគារសាធារណៈ យោធា និងរដ្ឋាភិបាលជាច្រើនត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃការតវ៉ាដ៏ហិង្សាដែលបានវាយប្រហារប្រទេសអ៊ីរ៉ង់នៅដើមឆ្នាំនេះ, នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការតវ៉ាដ៏ធំសម្បើម ដែលបានចាប់ផ្តើមនៅចុងខែធ្នូ ត្រូវបានបង្កឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏យូរអង្វែង និងការដួលរលំនៃរូបិយប័ណ្ណរបស់ប្រទេសអ៊ីរ៉ង់។ ការតវ៉ាបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានអំពើហិង្សាប្រហែលពីរសប្តាហ៍នៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានស្តីបន្ទោសភាពចលាចលនេះទៅលើការជ្រៀតជ្រែកពីបរទេស ជាពិសេសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាទៅលើ “ភេរវករ” ប្រដាប់អាវុធដែលជ្រៀតចូលទៅក្នុងក្រុមអ្នកតវ៉ាដោយសន្តិវិធីកាលពីដំបូង។
លោក Araghchi បានសរសេរនៅលើ X កាលពីថ្ងៃសុក្រថា ភាពចលាចលនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស និងបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៣.១១៧ នាក់។ អ្នកស្លាប់ប្រហែល ៦៩០ នាក់គឺជា “ភេរវករ” ខណៈពេលដែលអ្នកផ្សេងទៀតជាជនស៊ីវិល និងបុគ្គលិកកងកម្លាំងសន្តិសុខ លោកបានបន្ថែមដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
យោងតាមលោក Araghchi អគារសាធារណៈ និងឯកជនជាច្រើន ក៏ដូចជាទីតាំងយោធា ត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងភាពចលាចលនេះ រួមទាំងវិហារអ៊ីស្លាមប្រហែល ៣៥០ ធនាគារចំនួន ៧៥០ អគាររដ្ឋាភិបាលចំនួន ៤១៤ និងទ្រព្យសម្បត្តិផ្សេងៗទៀត៕
ប្រែសម្រួលៈ ណៃ តុលា
