ព័ត៌មានអន្តរជាតិ

អតីតអ្នកស៊ើបអង្កេតពន្ធដារ៖ តារាចម្រៀងប្រុស លោក Cha Eunwoo មិនមែនជាគោលដៅដំបូងឡើយ

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងប្រុសដែលជាសមាជិកក្រុម ASTRO គឺលោក Cha Eunwoo បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដ៏ធំមួយ ដោយចោទប្រកាន់ថា លោកគេចវេសពន្ធប្រមាណ ២០ ពាន់លានវ៉ុន (ប្រហែល ១៣.៨ លានដុល្លារអាមេរិក)។

ក្នុងចំណោមរឿងអាស្រូវនេះ អតីតអ្នកស៊ើបអង្កេតពន្ធដារនៃសេវាពន្ធជាតិ (NTS) បានផ្តល់ការយល់ដឹងបន្ថែម ដោយបង្ហាញថា គោលដៅដំបូងរបស់ NTS មិនមែនជាតារាចម្រៀងប្រុស លោក Cha Eunwoo ទេ ប៉ុន្តែជាក្រុមគ្រប់គ្រងរបស់លោកគឺ Fantagio។

លោកស្រី Moon Bo Ra ជាអ្នកគណនេយ្យពន្ធដារ ដែលធ្លាប់បម្រើការជាអ្នកស៊ើបអង្កេតនៅការិយាល័យពន្ធដារតំបន់សេអ៊ូល ជាកន្លែងដែលករណីរបស់លោក Cha Eunwoo កំពុងត្រូវបានដោះស្រាយ បានបង្ហោះវីដេអូមួយតាមរយៈឆានែល YouTube របស់នាង ដើម្បីពន្យល់ថាចំណុចសំខាន់នៃរឿងអាស្រូវនេះស្ថិតនៅលើថាតើ “ក្រុមហ៊ុនក្រដាស” របស់ លោក Cha Eunwoo ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការចែកចាយប្រាក់ចំណូលរបស់លោក Cha Eunwoo មានប្រតិបត្តិការសំខាន់ៗឬអត់។

បន្ទាប់មកលោកស្រី Moon Bo Ra បានបន្ថែមថា NTS ទំនងជាបានតាមដានក្រុមហ៊ុននេះ ខណៈពេលដែលកំពុងស៊ើបអង្កេតយ៉ាងសកម្មលើ Fantagio ដែលនាងហៅថា ជា “ស្ថាប័នសំខាន់”៕

Most Popular

To Top