ព័ត៌មានអន្តរជាតិ

តារាចម្រៀង K-pop នាង Jeon Somi លុបរូបថតដាក់ជើងលើកកៅអីតាក់ស៊ីនៅជប៉ុន បន្ទាប់ពីរងការរិះគន់គ្មានសុជីវធម៌

ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jeon Somi បានលុបរូបថតមួយដែលបង្ហាញពីនាងអង្គុយនៅខាងក្រោយឡានតាក់ស៊ីនៅប្រទេសជប៉ុន ដោយពាក់ស្បែកជើង និងលើកជើងឡើងលើកៅអីខាងមុខ បន្ទាប់ពីទទួលបានការរិះគន់ជុំវិញសុជីវធម៌សាធារណៈរបស់នាងលើបណ្តាញសង្គម។

យោងតាមកាសែត The Chosun Daily បាននិយាយថា តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះបានចែករម្លែករូបថតមួយចំនួនពីដំណើរកម្សាន្តនៅប្រទេសជប៉ុនរបស់នាងនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃចន្ទ ដោយមានចំណងជើងថា “ថ្ងៃចៃដន្យមួយ”។

រូបថតដែលថតក្នុងឡានតាក់ស៊ីបានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសយ៉ាងឆាប់រហ័ស ខណៈវាបានចែកចាយយ៉ាងទូលំទូលាយនៅលើសហគមន៍អនឡាញ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឲ្យមានការរិះគន់ពីអ្នកលេងអ៊ីនធើណេត បានចោទប្រកាន់នាង Jeon ថា ខ្វះសុជីវធម៌ជាមូលដ្ឋាននៅកន្លែងសាធារណៈរួមគ្នា។

អ្នកប្រើប្រាស់ Instagram ម្នាក់បានសរសេរថា កុំបំពានលើសុជីវធម៌របស់ជប៉ុន គ្រាន់តែថតរូបឲ្យមើលទៅឡូយ”។ នៅប្រទេសជប៉ុន ការដាក់ជើងរបស់អ្នកលើកៅអី ខ្នងកៅអី តុ និងរបស់របរស្រដៀងគ្នានេះ គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ។

អ្នកនិយមលេងបណ្តាញសង្គមម្នាក់ទៀត ដែលកំណត់អត្តសញ្ញាណថា ជាជនជាតិជប៉ុន បាននិយាយថា ការលុបរូបថតមិនលុបអ្វីដែលបានកើតឡើងរួចហើយនោះទេ។ ខ្ញុំសង្ឃឹមថាអាកប្បកិរិយាបែបនេះនឹងមិនកើតឡើងម្តងទៀតនាពេលអនាគតទេ៕

Most Popular

To Top