វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជើងហោះហើរមួយពីទីក្រុងញ៉ាត្រាង ភាគកណ្តាលប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់ បន្ទាប់ពីបុរសម្នាក់ដោះសម្លៀកបំពាក់ចេញអស់នៅសល់តែខោទ្រនាប់ ហើយព្យាយាមលោតចុះពីលើយន្តហោះ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកដំណើរជាមួយលោក។
នៅលើជើងហោះហើររបស់ក្រុមហ៊ុន AirAsia នៅថ្ងៃទី ៣០ ខែមករា ដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិកាំរ៉ាញ់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិដនមឿង អ្នកដំណើរម្នាក់ហាក់ដូចជានិយាយភាសាអង់គ្លេស និងរុស្ស៊ី បានប្រព្រឹត្តអាកប្បកិរិយាចម្លែកភ្លាមៗ បន្ទាប់ពីហោះឡើងផុតពីដី។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា បុរសនោះត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយបុរសម្នាក់ទៀតនៅលើយន្តហោះ មុនពេលអាកប្បកិរិយារបស់លោកក្លាយជាមិនធម្មតា។ គាត់តែងតែទៅបង្គន់ ហើយមានអារម្មណ៍ឆេវឆាវ បន្ទាប់មកគាត់បានឈ្លោះប្រកែកជាមួយអ្នកបម្រើលើយន្តហោះម្នាក់ ដោយនិយាយថា គាត់ត្រូវចុះពីយន្តហោះ។
អ្នកដំណើរបានព្យាយាមធ្វើឲ្យគាត់ស្ងប់ចិត្ត ប៉ុន្តែគាត់ចាប់ផ្តើមស្រែក និងព្យាយាមឈ្លោះប្រកែកជាមួយអ្នកបម្រើលើយន្តហោះ។ នៅទីបញ្ចប់ បុរសនោះបានដោះសម្លៀកបំពាក់ចេញរហូតដល់ខោទ្រនាប់ ហើយរត់ជុំវិញកាប៊ីន ដោយព្យាយាមចុះពីយន្តហោះ។
នៅពេលដែលប្រធានក្រុមហោះហើរធ្វើការចុះចតបន្ទាន់នៅ ដនមឿង បុរសនោះបានលោតចុះភ្លាមៗ នៅពេល ទ្វារយន្តហោះត្រូវបានបើក សូម្បីតែមុនពេលរថយន្តជណ្តើរមកដល់ក៏ដោយ។ គាត់បានរងរបួសជើងខ្លួនឯង ខណៈពេលដែលគាត់ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានអាជ្ញាធរចាប់ខ្លួន។
ក្រុមហ៊ុន AirAsia មិនទាន់បានចេញសេចក្តីអត្ថាធិប្បាយជាផ្លូវការណាមួយលើវិសាលភាពនៃការខូចខាត និងការចំណាយបន្ថែមដែលកើតឡើងពីការចុះចតបន្ទាន់នោះទេ៕
