ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលថៃ ព្រមានអំពីអាកាសធាតុក្តៅ និងគ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពកម្ដៅខ្លាំង ជាពិសេសសម្រាប់ក្រុម ដែលមានហានិភ័យខ្ពស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកធ្វើការក្រៅផ្ទះ។
លោកស្រី Airin Panrit អ្នកនាំពាក្យរងនៃការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា មានការព្យាករណ៍ថាសីតុណ្ហភាពនៅឆ្នាំនេះនឹងខ្ពស់ជាងឆ្នាំមុន អាចឡើងដល់ ៤២-៤៣ អង្សាសេក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដូចជា ខេត្ត Mae Hong Son ខេត្ត Lampang និងខេត្ត Tak។
ប្រជាពលរដ្ឋត្រូវបានអំពាវនាវឲ្យថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែស្ថានភាពក្តៅខ្លាំង ដោយជៀសវាងការងារ ឬសកម្មភាពក្រៅផ្ទះយូរ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ ដែលអាចបណ្តាលឲ្យស្លាប់។
លោកស្រីបានណែនាំឲ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះចាប់ពីម៉ោង ១១:០០ ព្រឹកដល់ម៉ោង ៣:០០ រសៀល ជៀសវាងការប៉ះពាល់នឹងកម្ដៅខាងក្រៅ និងផឹកទឹកឲ្យបានញឹកញាប់ យ៉ាងហោចណាស់រៀងរាល់ម៉ោង។ អ្នកដែលបែកញើសច្រើនគួរតែបង្កើនការទទួលទានអេឡិចត្រូលីត។
នាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា ចន្លោះពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមីនា ព្យុះរដូវក្តៅនឹងកើតឡើងលើផ្នែកខាងលើនៃប្រទេសថៃ ដោយចាប់ផ្តើមនៅភាគខាងកើតនៃតំបន់ភាគឦសានជាមុនសិន។ តំបន់ភាគខាងកើត តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងតំបន់ភាគខាងជើងនឹងរងផលប៉ះពាល់ជាបន្តបន្ទាប់៕
