ព័ត៌មានអន្តរជាតិ

ស្ត្រីរស់នៅរដ្ឋផ្លរីដាត្រូវចោទប្រកាន់ពីបទបាញ់ប្រហារនៅផ្ទះរបស់នាង Rihanna នៅ Los Angeles

Los Angeles៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា នាង Ivanna Lisette Ortiz រស់នៅរដ្ឋផ្លរីដាត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារនៅផ្ទះរបស់នាង Rihanna នៅ Los Angeles កាលពីថ្ងៃអង្គារពីបទប៉ុនប៉ងឃាតកម្មមួយករណី និងបទល្មើសឧក្រិដ្ឋផ្សេងទៀត រួមទាំងការវាយប្រហារចំនួន ១០ លើដោយប្រើអាវុធពាក់កណ្តាលស្វ័យប្រវត្តិ។

ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា នាង Ivanna Lisette Ortiz អាយុ ៣៥ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារនៅរសៀលថ្ងៃអាទិត្យនៅខាងក្រៅផ្ទះដែលមានរបងព័ទ្ធជុំវិញរបស់តារាល្បីនៅតំបន់ Beverly Hills។ គ្មាននរណាម្នាក់រងរបួសទេ ហើយវាមិនច្បាស់ទេថា តើតារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy រូបនេះនៅផ្ទះនៅពេលមានកាំភ្លើងបាញ់ប្រហារឬអត់។

កំណត់ត្រាតុលាការបង្ហាញថា នាង Ortiz ក៏ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារចំនួន ៣ ករណីទៅលើយានយន្ត ឬលំនៅដ្ឋានដែលមានមនុស្សរស់នៅ។ ករណីទាំង ១៤ ជាបទឧក្រិដ្ឋ ហើយនាងត្រូវបាននាំខ្លួនមកជំនុំជម្រះនៅចំពោះមុខចៅក្រម Theresa McGonigle នៅរសៀលថ្ងៃអង្គារនៅតុលាការជាន់ខ្ពស់នៃខោនធី Los Angeles។

មេធាវីការពារក្តីរង Jamarcus Bradford ជាមេធាវីរបស់នាង Ortiz ដំបូងឡើយបានអះអាងថា ខ្លួនមិនមានទោសក្នុងនាមនាង ប៉ុន្តែក៏បានពន្យារពេលការជំនុំជម្រះរហូតដល់ថ្ងៃទី ២៥ ខែមីនា។ នាងត្រូវបានបញ្ជាឲ្យបង់ប្រាក់ធានាចំនួន ១.៨ លានដុល្លារអាមេរិក ។នាង Ortiz ស្លៀកសម្លៀកបំពាក់ពន្ធនាគារពណ៌ខៀវ ជាមួយនឹងសក់ពណ៌ទង់ដែងរបស់នាងជាក្រង ហើយបាននិយាយជាមួយមេធាវីរបស់នាងតាមរយៈបន្ទះកញ្ចក់។

ចៅក្រមបានចេញដីកាការពារសម្រាប់នាង Ortiz ឲ្យនៅឆ្ងាយពី Robin Fenty និង Rakim Mayers  ឈ្មោះស្របច្បាប់របស់ Rihanna និងដៃគូរបស់នាង A$AP Rocky  និងផ្ទះរបស់ពួកគេ។ McGonigle ក៏បាននិយាយថា នាង Ortiz មិនត្រូវបានអនុញ្ញាតឲ្យមានអាវុធ ឬគ្រាប់រំសេវណាមួយឡើយ រួមជាមួយនឹងលក្ខខណ្ឌជាច្រើនទៀត៕

Most Popular

To Top