ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់រស់នៅប្រទេសចិនសម្រាលកូននៅអាយុ ៦៣ ឆ្នាំ ទទួលបានចាប់អារម្មណ៍យ៉ាងខ្លំាលើបណ្តាញសង្គមចិន

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់រស់នៅ នៅភាគឦសានប្រទេសចិនបានសម្រាលកូនស្រីម្នាក់ បន្ទាប់ពីមានផ្ទៃពោះតាមរយៈ IVF មួយឆ្នាំ ក្រោយពីអ្នកនាងបាត់បង់កូនតែម្នាក់គត់របស់អ្នកនាង។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Sanxiang Metropolis News ថា ស្ត្រីរូបនេះ អត្តសញ្ញាណរបស់នាងមិនត្រូវបានបង្ហាញ បានសម្រាលកូនស្រីម្នាក់តាមរយៈការវះកាត់នៅថ្ងៃទី ៤ ខែមីនា នៅមន្ទីរពេទ្យមួយក្នុងខេត្ត Jilin ប្រហែល ២ សប្តាហ៍មុនថ្ងៃសម្រាលកូនរបស់នាង។ ទាំងម្តាយ និងទារកទើបនឹងកើតមានទម្ងន់ ២.៨ គីឡូក្រាម មានសុខភាពល្អ។

ស្ត្រីរូបនេះពីមុនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន ចំពោះការមានផ្ទៃពោះតាមរយៈ IVF នៅវ័យចំណាស់ បន្ទាប់ពីការស្លាប់របស់កូនប្រុសរបស់អ្នកនាងក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។

ស្ត្រីរូបនេះបាននិយាយថា កូនប្រុសរបស់ខ្ញុំបានស្លាប់ ដោយសារជំងឺមហារីកមិនបានបង្ហាញឲ្យដឹងនៅអាយុ ៣៥ ឆ្នាំ បន្ទាប់ពីការស្លាប់របស់កូនប្រុសខ្ញុំ ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានរកឃើញថា ខ្លួនយើងពិបាកនឹងនិយាយ ជាមួយមានបរិយាកាសដ៏លំបាកក្នុងផ្ទះរបស់យើង។

នាងបានបន្ថែមថា ចាប់តាំងពីខ្ញុំមានផ្ទៃពោះមក យើងមានអារម្មណ៍រីករាយជារៀងរាល់ថ្ងៃ។ បើគ្មានកូនតូចនេះទេ យើងក៏មិនមានកម្លាំងដើម្បីបន្តទៅមុខទៀតដែរ។ គូស្វាមីភរិយានេះទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែសរុបចំនួន ១០,០០០ យន់ (១,៤០០ ដុល្លារអាមេរិក) ហើយក៏រកប្រាក់ចំណូលខ្លះពីអាជីវកម្មខ្នាតតូចផងដែរ។

យោងតាមស្ត្រីរូបនេះថា គ្រួសាររបស់នាងមានអាយុវែង ដោយសារឪពុកម្តាយទាំង ២ របស់នាងរស់នៅលើសពី ៩០ ឆ្នាំ។ គ្មានហេតុផលណាដែលត្រូវជឿថា ខ្ញុំនឹងមិនរស់នៅដល់អាយុ ៨០ ឆ្នាំនោះទេ។ លើសពីនេះ ក្មួយប្រុសរបស់ខ្ញុំបានសន្យាថានឹងមើលថែកូនរបស់ខ្ញុំ បន្ទាប់ពីខ្ញុំ និងស្វាមីបានចាកចេញទៅ៕

Most Popular

To Top