ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ thethaiger បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air, Nok Air និង Thai AirAsia បានផ្អាកជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិជាច្រើន ដោយសារតែការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ដែលជាប់ទាក់ទងនឹងជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
ក្រុមហ៊ុនអាកាសចរណ៍ទាំងបីបានប្រកាសថា ការផ្លាស់ប្តូរជើងហោះហើរ ដែលបានធ្វើឡើងនៅសប្តាហ៍នេះ គឺបណ្តាលមកពីការចំណាយប្រតិបត្តិការខ្ពស់ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ។ ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air បានផ្អាកជើងហោះហើរ របស់ខ្លួនពីអាកាសយានដ្ឋានអន្តរជាតិដុនមឿង ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិអ៊ីនឈុន ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៩ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមជើងហោះហើរនេះនៅខែមករា ឆ្នាំនេះ ដោយដំណើរការជើងហោះហើរ មួយជើងក្នុងមួយថ្ងៃមុនពេលផ្អាក។ ការកក់សម្រាប់សេវាកម្មពីទីក្រុងបាងកក ទៅកាន់ទីក្រុងសេអ៊ូល នឹងបន្តឡើងវិញចាប់ពីថ្ងៃទី ១ ខែតុលា។
ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានលុបចោលជើងហោះហើរក្នុងស្រុករបស់ខ្លួនពីឈៀងម៉ៃ ទៅកាន់ឧដុង្គថានី សម្រាប់ខែមេសា។ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia និង Thai AirAsia X ក៏បានប្រកាសផ្អាកបន្ថែមទៀត លើជើងហោះហើរជាច្រើនផងដែរ។
ជើងហោះហើរដែលត្រូវបានផ្អាករបស់ក្រុមហ៊ុន Thai AirAsia រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់ខេត្តណារ៉ាធីវ៉ាត ចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ២៤ ខែតុលា។ អាកាសយានដ្ឋានអន្តរជាតិដុនមឿង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិស៊ីអាន សៀនយ៉ាង ចាប់ពីថ្ងៃទី ១១ ខែឧសភា ដល់ថ្ងៃទី ២៣ ខែតុលា។ អាកាសយានដ្ឋានអន្តរជាតិហុងកុង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិណាហា ក្នុងប្រទេសអូគីណាវ៉ា ចាប់ពីថ្ងៃទី ៧ ខែឧសភា ដល់ថ្ងៃទី ២៤ ខែតុលា។
អាកាសយានដ្ឋានអន្តរជាតិភូកេត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិឆេនណៃ ចាប់ពីថ្ងៃទី ១៣ ខែមេសា ដល់ថ្ងៃទី ២៤ ខែតុលា។ អាកាសយានដ្ឋានអន្តរជាតិភូកេត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិកូឈីន ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ២៣ ខែតុលា។
ក្រុមហ៊ុន Thai AirAsia X បានផ្អាកជើងហោះហើរពីអាកាសយានដ្ឋាន អន្តរជាតិដុនមឿង ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិសៀងហៃ ហុងឈៀវ ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ២៤ ខែតុលា និងពីអាកាសយានដ្ឋានអន្តរជាតិដុនមឿង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិឃីងខាលីដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ៣០ ខែឧសភា៕
