ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ក្មេងជំទង់ ២ នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់មិញ ថ្ងៃទី ៥ ខែឧសភា ក្នុងករណីលួច និងវាយប្រហារអ្នកទេសចរអូស្ត្រាលីនៅប៉ាតាយ៉ា បន្ទាប់ពីអ្នកទេសចរអូស្ត្រាលីម្នាក់ បានប្រាប់ប៉ូលីសទេសចរណ៍ថា ពួកគាត់ត្រូវបានមនុស្ស ២ នាក់ប្រើកន្ត្រៃចាក់ និងប្លន់យកប្រាក់ចំនួន ៦,០០០ ដុល្លារអូស្ត្រាលី ក្នុងបន្ទប់មួយនៅប៉ាតាយ៉ាខាងត្បូង។
ប៉ូលីសប៉ាតាយ៉ា និងប៉ូលីសទេសចរណ៍បានចាប់ខ្លួនជនសង្ស័យប្តូរភេទ ២ នាក់ អាយុ ១៧ និង ១៦ ឆ្នាំ នៅម៉ោង ៨:១៦ យប់ ក្នុងនោះមន្ត្រីប៉ូលីសបានរឹបអូសកន្ត្រៃ និងប្រាក់សុទ្ធមួយចំនួនជាភស្តុតាង។
ករណីនេះបានកើតឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក Alikosh អាយុ ៤៥ ឆ្នាំ ជាអ្នកទេសចរអូស្ត្រាលី ដែលបានប្រាប់ប៉ូលីសថា លោកបានអញ្ជើញមនុស្សប្តូរភេទ ២ នាក់មកបន្ទប់របស់លោកនៅចុងថ្ងៃទី ៤ ខែឧសភា ដោយជឿថា ពួកគេជាស្ត្រី។
បន្ទាប់ពីដឹងថា ពួកគេជាអ្នកប្តូរភេទ ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើង។ ជនរងគ្រោះបានប្រាប់ប៉ូលីសថា លោក ត្រូវបានគេរុញចូលទៅក្នុងបន្ទប់ទឹក មុនពេលជនសង្ស័យម្នាក់បានប្រើកន្ត្រៃចាក់លោកនៅផ្នែកខាងស្តាំនៃទ្រូងរបស់លោក។
បន្ទាប់មក អ្នកទាំង ២ ត្រូវបានចោទប្រកាន់ថា បានលួចប្រាក់ចំនួន ៦,000 ដុល្លារអូស្ត្រាលីមុនពេលចាកចេញ។ ក្រោយមកអ្នកទេសចរបានទទួលការព្យាបាល និងបានដាក់ពាក្យបណ្តឹងទៅស្ថានីយ៍ប៉ូលីសប៉ាតាយ៉ា។
ប៉ូលីសបានពិនិត្យភស្តុតាង ហើយបានរកឃើញថា ជនសង្ស័យកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែងមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ មន្ត្រីប៉ូលីសបានតាមដានពួកគេ ហើយចាប់ខ្លួនក្មេងជំទង់ទាំង ២នាក់នៅទីនោះ៕
