ព័ត៌មានអន្តរជាតិ

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក MQ-9 របស់អាមេរិក អំឡុងពេលវាយប្រហារ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 របស់សហរដ្ឋអាមេរិក។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបន្ថែមថា យន្តហោះ F-35 មួយគ្រឿង និងយន្តហោះគ្មានមនុស្សបើក RQ-4 មួយគ្រឿង ត្រូវបានបង្ខំឱ្យចាកចេញពីដែនអាកាសអ៊ីរ៉ង់។

អាមេរិកបានវាយប្រហារ ទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់នៅថ្ងៃចន្ទ នេះបើយោងតាមការចុះ ផ្សាយរបស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក។ លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការបាន ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់ នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់”។

លោកបានលើកឡើងថា “គោលដៅរួមមានទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់ ដែលព្យាយាមដាក់មីន។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បន្តការពារកងកម្លាំងរបស់យើង ខណៈពេលដែលប្រើប្រាស់ ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ ដែលកំពុងបន្ត”។ ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ Bandar Abbas ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹកសំខាន់របស់អ៊ីរ៉ង់ ដោយបំផ្លាញនាវាពីរគ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងវាយប្រហារទីតាំងមីស៊ីលបាញ់ពីលើអាកាសមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ដោយដកស្រង់ប្រភពទូរទស្សន៍រដ្ឋអ៊ីរ៉ង់។

សារព័ត៌មាន Fox News បានរាយការណ៍ថា ទូកអ៊ីរ៉ង់ពីរគ្រឿងត្រូវបានគេប្រទះឃើញដាក់មីននៅក្នុងច្រកសមុទ្រហ័រមូស ហើយទីតាំងមីស៊ីលមួយបានកំណត់គោលដៅយន្តហោះចម្បាំងអាមេរិក។ ជាការឆ្លើយតប កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ “ការពារខ្លួន”។ របាយការណ៍នេះ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក “បានចប់ហើយ សម្រាប់ពេលនេះ”។

ប្រភពពីរត្រូវបានដកស្រង់សម្តីថា ការវាយប្រហារទាំងនេះ មិនបង្ហាញថា បទឈប់បាញ់រយៈពេលជាច្រើន សប្តាហ៍របស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់បានចប់ហើយនោះទេ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ “កំពុងដំណើរការទៅ ដោយរលូន” ប៉ុន្តែបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការវាយប្រហារ យោធាឡើងវិញ ប្រសិនបើការចរចាបរាជ័យ ដោយការវាយប្រហារនាពេលអនាគតណាមួយនឹង “ធំជាង និងខ្លាំងជាងពេលណាៗទាំងអស់”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top