ព័ត៌មានអន្តរជាតិ

ម្ចាស់ចម្ការទុរេន បដិសេធការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ លើបេក្ខនារីបវរកញ្ញា ជនជាតិថៃម្នាក់

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ បានបដិសេធការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ដែលធ្វើឡើងដោយបេក្ខនារីបវរកញ្ញាម្នាក់ ដោយបញ្ជាក់ថា ប្រាក់ដែលបានដោះដូររវាងពួកគេ គឺជាការទូទាត់សម្រាប់ការរួមភេទ។

ស្ត្រីអាយុ ២៧ ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថាឈ្មោះ Rose ដែលជាអ្នកឈ្នះរង្វាន់លេខ ២ នៅកម្មវិធី Miss Thailand Phuket និង Miss Photogenic និងកម្មវិធី Miss Universe Rayong បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ប៉ូលីស Nikhom Phattana កាលពីថ្ងៃទី ២៥ ខែមិថុនា។

នាង Rose បានចោទប្រកាន់ថា ម្ចាស់ចម្ការទុរេនម្នាក់ឈ្មោះ Mike បានព្យាយាមរំលោភនាងនៅសណ្ឋាគារមួយក្នុងស្រុក Nikhom Phattana កាលពីថ្ងៃទី ២៤ ខែមិថុនា។ នាង Rose បានប្រាប់ប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយថា នាងបានជួបលោក Mike បន្ទាប់ពីបានបញ្ចប់ការប្រកួតបវរកញ្ញាឯកក្នុងខេត្ត។ នាងបានបន្តថា គាត់បានគាំទ្រផ្នែកហិរញ្ញវត្ថុដល់នាងក្នុងអំឡុងពេលប្រកួត ដូច្នេះនាងបានទៅទស្សនាចម្ការរបស់គាត់ ដើម្បីអរគុណគាត់ចំពោះការគាំទ្រ។

យោងតាមការរៀបរាប់របស់នាង បានប្រាប់ថា នាងបានមកដល់ចម្ការនៅម៉ោងប្រហែល ១០ យប់ ហើយបានញ៉ាំអាហារពេលល្ងាចជាមួយលោក Mike និងបុគ្គល ២ នាក់ផ្សេងទៀត។ នាងបានបន្ថែមយថាលោក Mike ពីមុនបានផ្តល់ប្រាក់ឲ្យនាងចំនួន ១០០០ បាត ហើយក្រោយមកបានផ្តល់ប្រាក់បន្ថែមចំនួន ២០០០ បាត នៅពេលនាងរៀបចំចាកចេញ។

នាង Rose បានបញ្ជាក់ថា នាងបានកក់សំបុត្រជិះតាមរយៈកម្មវិធីមួយ ដើម្បីធ្វើដំណើរទៅកាន់សណ្ឋាគារមួយ ហើយម៉ៃក៍បានសុំទៅជាមួយនាង។ នាងបានបន្តថា គាត់បានជួយដឹកឥវ៉ាន់របស់នាងចូលទៅក្នុងបន្ទប់សណ្ឋាគារ ហើយនៅទីនោះផឹកស្រា។ នាងបានចោទប្រកាន់ថា ខណៈពេលដែលនាងកំពុងងូតទឹក លោក Mike បានចូលទៅក្នុងបន្ទប់ទឹកដោយគ្មានការយល់ព្រម ហើយបានព្យាយាមរំលោភនាង។ នាងបានទប់ទល់ និងវាយប្រហារគាត់មុនពេលចាកចេញពីបន្ទប់ដើម្បីស្វែងរកជំនួយពីបុគ្គលិកសណ្ឋាគារ។

លោក Mike បានបដិសេធការចោទប្រកាន់នេះ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រាក់ដែលគាត់បានផ្តល់ឲ្យនាង Rose គឺមានបំណងជាការទូទាត់សម្រាប់សេវាកម្មផ្លូវភេទ ហើយភាគីទាំង ២នាក់បានយល់ព្រមចូលរួមក្នុងសកម្មភាពផ្លូវភេទ។ គាត់ក៏បានចោទប្រកាន់នាងថា បេក្ខនារីសម្រស់រូបនេះបានព្យាយាមជំរិតទារប្រាក់ពីគាត់ដែរ៕

Most Popular

To Top