អចលនទ្រព្យ

បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាព និងការអភិវឌ្ឍរបស់គម្រោង Takhmao Central Park ក្រោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន

គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ សាងសង់បាន ១៥% ហើយ តែការលក់សម្រេចបានរហូតដល់ ៣៥% ឯណោះ ។ តាមរយៈការលក់នេះ លោកបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ សម្រាប់ការលក់គម្រោងលំនៅឋានរបស់បុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើកត្ដាចម្បង រួមមានកត្ដាគុណភាព សោភ័ណ្ឌភាព ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ប្រធានផ្នែកលក់ដដែលបន្ដថា «បន្ទាប់ពីស្ងប់ស្ងាត់កូវីដ-១៩ ធូរស្រាល ពិសេសក្រោយរាជរដ្ឋាភិបាល បានបើកដំណើរការប្រទេសឡើងវិញ យើងសង្កេតឃើញការលក់មានសន្ទុះកើនឡើងខ្លាំង ជាក់ស្ដែងនៅគម្រោង Takhmao Central Park ព្រោះអតិថិជនទិញគម្រោងនេះ មិនត្រឹមតែអាចរស់នៅបាននោះទេ ថែមទាំងអាចប្រកបអាជីវកម្មបានលើទីតាំងដ៏មានសក្ដានុពលទៀតផង ព្រោះជាគម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅផ្ទាល់តែម្ដង» ។

លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងខាងលើ បានបន្ថែមថា ពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានរបស់បុរីភ្នំពេញថ្មី មិនត្រឹមយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់នោះទេ ពោលបុរីតែងគិតគូរ និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបម្រើឲ្យប្រយោជន៍សាធារណៈផងដែរ ជាក់ស្ដែងគម្រោង Takhmao Central Park ក្រុមហ៊ុនបានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ និងសាងសង់ផ្លូវ ។

លោកបន្ដថា «សម្រាប់ការអភិវឌ្ឍ ទាំងក្នុង និងក្រៅគម្រោងនេះ មួយផ្នែកតូច សម្រាប់បម្រើឲ្យអតិថិជនរស់នៅក្នុងបុរី តែមួយផ្នែកធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ។ ចំពោះការអភិវឌ្ឍផ្លូវថ្មី នៅលើកំណាត់ផ្លូវលេខ២១០ និងផ្លូវលេខ២១ រួមទាំងការសាងសង់ផ្លូវមេ ២ខ្សែកាត់គម្រោង ដើម្បីតភ្ជាប់រវាងផ្លូវទាំងពីរ ក៏បានសាងសង់ស្ទើររួចរាល់ ១០០% និងគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ» ។

សូមបញ្ជាក់ថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី សាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ គម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅនេះ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ដែលស័ក្ដិសមបំផុត សម្រាប់បងប្អូនប្រកបអាជីវកម្មផ្សេងៗ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕

Most Popular

To Top