កីឡា

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បើកវគ្គបំប៉នត្រៀមប្រកួតកីឡា កាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់លោកថោង ខុន

ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បាន បើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីត្រៀមខ្លួនរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០១៩ និងពានរង្វាន់ឯកឩត្តមថោង ខុនបានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។


លោក ណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលាមានចំនួន២០រូបហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោកសោ សុផេង និង វាស សារិទ្ធដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា។


លោកអគ្គលេខាធិការបានបន្ថែមថា នេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅក្រមនឹងបំពេញការងារបានដោយសុក្រឹត និងមានតម្លាភាព ។លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរការមិនសូវល្អដោយសារតែលោកផ្ដល់ឩិកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។


លោកបន្តថា បើមិនមានការចាប់ផ្ដើមទេនោះលោកនឹងនៅតែបន្តរែកពុនការងារតែម្នាក់ឯងដដែល ចំពោះឆ្នាំនេះមិនសូវតែឆ្នាំក្រោយៗពួកគេនឹងធ្វើបានល្អជាមិនខានឡើយ ។ សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic)និងការសម្ព័ន្ធអារទីស្ទិក(Astistic Gymnastic) ហើយក្នុងមួយប្រភេទបែងចែកជាវិញ្ញាសាបន្ថែមទៀត ។


មានរាជធានី ខេត្តចំនួន៤គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និង រាជធានីភ្នំពេញបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួត រីឯកីឡាករ-កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤រូប គឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមកដែរ ។


លោកអះអាងថា ប្រសិនបើបើកទូលាយនោះនឹងមានអ្នកចូលរួមច្រើនតែដោយសារថវិកាមានកម្រិតនោះ សហព័ន្ធកម្រិតយកចំនួនប៉ុណ្ណេះ ។ លោកថោង ខុនដែលជាប្រមុខអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធបានឧបត្ថម្ភថវិកាជាច្រើនសម្រាប់បន្ថែមលើប្រាក់រង្វាន់ដល់ជ័យលាភី ៕ដោយ៖លី ភីលីព

Most Popular

To Top