ភ្នំពេញ៖ ក្លិបកីឡាគុនដាវ HYSA គ្រងតំណែងជើងឯកនៃការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ លើកទី៦ដែលប្រារព្ធធ្វើឡើងនៅ វិទ្យាល័យឥន្រ្ទរទេវីរៀបចំដោយសហព័ន្ធកីឡាគុនដាវកម្ពុជា ក្រោមគោលការណ៍របស់ក្រសួងអប់រំ យុវជន និង កីឡា។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធបានដាក់៤វិញ្ញាសារួមមានវិញ្ញសាឯកត្តជនបុរសដាវធំ វិញ្ញសាឯកត្តជននារីដាវកាប់ វិញ្ញសាឯកត្តជនបុរសដាវកាប់ និងវិញ្ញសាចម្រុះឯកត្តជនដាវតូច។
ដោយមានការចូលរួមពីបណ្តាលក្លិបកីឡាគុនដាវ ចំនួន៧ដូចជាក្លិបកីឡាគុនដាវ HYSA ក្លិបកីឡាគុនដាវ PFC ក្លិបកីឡាគុនដាវ Western ក្លិបកីឡាគុនដាវ សន្ធរមុខ ក្លិបកីឡាគុនដាវហូសាណា ក្លិបកីឡាគុនដាវឥន្រ្ទរទេវី និងក្លិបកីឡាគុនដាវសាមគ្គី។
លោកបានបន្តថា ឆ្លងកាត់ការប្រកួតមួយថ្ងៃពេញនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្លិបកីឡាគុនដាវ HYSAគ្រងតំណែងជើងឯកដោយដណ្តើមមេដាយមាស២គ្រឿង និងសំរិទ្ធ១គ្រឿង រីឯក្លិបកីឡាគុនដាវសាមគ្គីទទួលជើងឯករង ដណ្តើមមេដាយមាស១គ្រឿ និងប្រាក់២គ្រឿង ចំណែកក្លិបកីឡាគុនដាវ PFCឈ្នះមេដាយមាស១គ្រឿង និងសំរិទ្ធ១គ្រឿង។
ចំពោះក្លិបកីឡាគុនដាវឥន្រ្ទរទេវី ទទួលបានមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង និងក្លិបកីឡាគុនដាវសាលារៀន ហូសាណដណ្តើមមេដាយសំរិទ្ធ៣គ្រឿង៕
ដោយ៖លី ភីលីព




