ភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ទទួលបានសម្ភារការពារមេរោគកូវីដ-១៩ សំខាន់ៗដូចជាម៉ាស់មុខ១០០០បន្ទះ ស្រោមដៃការពារ១០០ប្រអប់ ដកដាក់អាល់កុល៥០ ដប និងទឹកអាល់កុលលាងដៃ១២០ប៊ីដុង ស្មើ៣៦០០លីត្រពីក្រុមហ៊ុន The Korea Chmber of Commerce in Cambodia ។
ក្រុមហ៊ុន The Korea Chmber of Commerce in Cambodia បាននិយាយថា ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈ ត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវ ឲ្យបានទាន់ពេលវេលា។ ការឧបត្ថម្ភរបស់យើងដល់អគ្គនាយកដ្ឋានកីឡា គឺជាការឧបត្ថម្ភមួយ ក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលក្រុមហ៊ុនបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ ដែលយើងកំពុងបម្រើជាបន្តទៀត។
លោក អ៊ុក សិទ្ធិជាតិ បានឲ្យដឹងថា ក្រុមហ៊ុនបានបង្ហាញ នូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវ ដ៏មានសារសំខាន់ចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង បង្ក្រាបមេរោគកូវីដ-១៩ ហើយយើង សូមប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុន The Korea Chmber of Commerce in Cambodia ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើន នៅក្នុងគ្រាដ៏លំបាកនេះ”។
លោកបានបន្តថា សម្ភារការពារមេរោគកូវីដ-១៩ទំាងនេះ ក្នុងនាមអគ្គនាយកកីឡា នឹងយកទៅបែងចែកជូនដល់ សហព័ន្ធកីឡាជាតិចំនួន៣២ ដែលមានក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិថ្នាល កំពុងធ្វើការហ្វឹកហាត់ យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិ តាមការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល ។ ដូច្នេះមុនពេលចូលហាត់ យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំ តាមការណែនាំ ដោយសហការ ជាមួយក្រសួងសុខាភិបាល៕ ដោយ៖លី ភីលីព



