កីឡា

អត្តពលិក ជម្រើសជាតិ ជនពិការ ត្រៀមខ្លួនចូលហ្វឹកហាត់វិញ បន្ទាប់ពីសម្រាក អស់រយៈពេលជាង៥ខែ

ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានអញ្ជើញ កីឡាករកីឡាការិនីរបស់ខ្លួន ប្រមាណជាង១០០នាក់ ដែលហ្វឹកហាត់កីឡាប្រមាណ១០ប្រភេទ មកជួបជុំគ្នានៅមជ្ឈមណ្ឌលជាតិនៃ ជនពិការ តេជោសែន  នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះដើម្បីផ្ដល់នូវព៌តមានសំខាន់ៗ និងជាពិសេស ពីពេលវេលានៃការចូលមកហ្វឹកហាត់ឡើងវិញ ក្នុងជម្រុំប្រមូលផ្ដុំ ក្រោយពីពួកគេ ត្រូវបានរំសាយ អស់ពេល ជាច្រើនខែដោយសារវិបត្តិនៃមេរោគកូរ៉ូណា ។ 

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ដោយ សារមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជននិងកីឡា គ្រប់ប្រភេទកីឡាទាំងអស់ដែលមានប្រមាណ១០ប្រភេទ មានអត្តពលិក  ចំនួន១២៥នាក់ និង គ្រូបង្វឹក១០នាក់ នឹងត្រូវវិលចូលក្នុងជំរុំហ្វឹកហាត់វិញ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ  ។ 

លោក បន្ដថាក្នុងចំនួននេះ ខាងក្រសួងអប់រំបានផ្ដល់ប្រាក់ឧបត្ថម្ភថវិកាប្រចាំខែ ក្នុងពេលហ្វឹកហាត់  សម្រាប់កីឡាករ ៤០នាក់និង គ្រូបង្វឹក១០នាក់ ប៉ុណ្ណោះប៉ុន្ដែ ដើម្បីឲ្យអត្តពលិកចូលរួមហាត់បានច្រើន  គណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជា បានសម្រេចដោយឯកភាព ឲ្យអត្តពិកលិកធ្វើការហ្វឹកហាត់ទាំងអស់គ្នា និងបែងចែកថវិកាទាំងនោះឲ្យបានគ្រប់គ្នា ។

លោកបន្ថែមថា កីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើតសមត្ថភាពបច្ចេកទេសឲ្យបានខ្លាំងក្លា ត្រៀមលក្ខណៈឲ្យបានល្អប្រសើរដើម្បី ចូលរួមប្រកួតក្នុងព្រឹត្តិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ និង ត្រៀមក្នុង ដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ដោយ៖លី ភីលីព

Most Popular

To Top