កីឡា

អត្តពលិកកីឡាប៉េតង់ ៥៥ក្រុម ចូលរួមប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់ ស សុខា នៅខេត្តព្រៃវែង

ព្រៃវែង៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាចូលរួមពិធីបើកកម្មវិធី ប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ នៅទីលានប្រកួតគណបក្សខេត្តព្រៃវែង។

លោក ជា សុមេធី បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ លោក ប៉ាវ សុធី ប្រធានគណៈកម្មាធិការ បច្ចេកទេសរៀបចំការប្រកួត បានឲ្យដឹងថា កីឡាករដែលចូលរួម ការប្រកួតមានចំនួនសរុប កើនជាងឆ្នាំមុនៗរហូតដល់ ៤៥ក្រុមផងដែរ លោកសូមឆ្លៀតយកឪកាសនេះ សម្តែងនូវការកោតសរសើរ អបអរសាទ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាករ ដែលចូលរួមប្រកួតនាពេលនេះ។

លោក ស សុខា ក៏បានមានប្រសាសន៍ថា វិស័យកីឡាប៉េតង់នេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើស ជើងឯកប្រចាំឆ្នាំសិក្សា សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តផង និងដើម្បីជ្រើសរើសកីឡាករ កីឡាការីនី ដែលមានសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសល្អៗ យកទៅចូលរួមប្រកួត កីឡាសិស្សមធ្យមសិក្សា នៅថ្នាក់ជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំធ្វើ នៅពេលឆាប់ៗខាងមុខនេះ។

ការប្រកួតនេះមានកីឡាករ-កីឡាការីនី ចូលរួមប្រកួតចំនួន ៥៥ក្រុម ក្នុងនោះមានស.ស.យ.ក. ខេត្តព្រៃវែង ចំនួន៧ក្រុម សរុបចំនួនកីឡាករ២២០នាក់ ទូទាំងខេត្តព្រៃវែង៕

ដោយ៖ លី ភីលីព

Most Popular

To Top