ភ្នំពេញ ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងជាប្រធាន សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានអញ្ជើញសួរសុខ ទុក្ខគ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ ដែលកំពុងធ្វើការហ្វឹកហាត់ នៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ ។
លោក តែម ម៉ឺន ក៍បានណែនាំដល់គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ទាំងការហ្វឹកហាត់ បច្ចេកទេស និងកម្លាំងដើម្បីត្រៀម ចូលរួមការប្រកួតនានា នៅពេលខាងមុខជាពិសេសព្រឹត្តិការណ៍ការ ប្រកួតកីឡាSEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ។
លោកបានបន្តថា លោកស្នើសុំឲ្យគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ បង្កើនការធ្វើអនាម័យ ត្រូវពាក់ម៉ាស់ លាងដៃនិងអាកុល ឬជែល រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19 និងជាពិសេសគោរពតាមសារាច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ៖លី ភីលីព




