កីឡា

ពហុ​កីឡដ្ឋាន​ជាតិ​ មរតក​តេ​ជោ​តម្លៃ ១៦០លាន​ដុល្លារ​ សាងសង់​សម្រេច បានប្រមាណ ៩០ភាគរយ

ភ្នំពេញៈ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលមាន​តម្លៃ​ជិត១៦០លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង់​ពី​រដ្ឋាភិបាល​ចិន នៅលើ​ផ្ទៃដី​ទំហំ​ជាង ១៦ហិកតា ត្រូវបាន​ម ន្ត្រី​ជំនាញ​អះអាងថា ការសាងសង់​សម្រេចបាន​ប្រមាណ ៩០ភាគរយ និង​គ្រោង​បញ្ចប់​ទាំងស្រុង​នៅត្រឹម​ចុងខែ​មីនា ឆ្នាំ២០២១ខាងមុខនេះ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា មកទល់ពេលនេះ​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រេចបាន​ប្រមាណ ៩០ភាគរយ​ហើយ ហើយ​ការសាងសង់​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែមីនា​ឆ្នាំ២០២១ ។

សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី១ មានដូចជា មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល , ទីលាន​បាល់បោះ និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក ជាពិសេស​សម្រាប់​ត្រៀម​បើក​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (Sea Games) លើក​ទី៣២ ឆ្នាំ២០២៣ ក្នុងនាម​ជា​ម្ចាស់ផ្ទះ។

លោក​វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ពីដំបូង​គណៈកម្មការ​បាន​វាយតម្លៃថា ការសាងសង់​នឹងត្រូវ​បញ្ចប់ ជា​ស្ថាពរ​នៅ​ចុងឆ្នាំ២០២០នេះ។ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 បានធ្វើឱ្យ​ការសាងសង់ ត្រូវ​អូសបន្លាយ​រហូតដល់​ខែមីនា ឆ្នាំ២០២១ ខណៈដែល​គ្រោង នៃ​សំណង់​ពហុ​កីឡដ្ឋាន​ដ៏​ធំ​ប្រចាំ​ប្រទេសមួយ​នេះ ត្រូវបាន​សាងសង់​រួចរាល់១០០ភាគរយ​ហើយ នៅសល់តែ​ការបំពាក់​សម្ភារ​មួយចំនួន ដូចជា​កៅអី ដំបូល អំពូល ភ្លើង និង​ការធ្វើ​ទីលាន​ខាងក្នុង​តែប៉ុណ្ណោះ។

សម្រាប់តែ​កៅអីអង្គុយ​បេតុង នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដ៏​ទំនើប​នេះ មាន​ទម្ងន់​ធ្ងន់​ជាងគេ​រហូតដល់​ទៅ៩.៧៤តោន ត្រូវបាន​ផលិតឡើង​យ៉ាង​ផ្ចិតផ្ចង់ និង​បំពាក់​ជាមួយ​ប្រព័ន្ធ​QR Code ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​កៅអី ពោលគឺ​ដើម្បី​ត្រួតពិនិត្យ​គុណភាព​បេតុង​កៅអី​នេះ ដូចជា ភាព​ស្មើ​ក្នុងការ​លើកដាក់​ជាដើម។ កៅអី​បេតុង​នៅក្នុង​ពហុ​កីឡដ្ឋាន​មាន​ចំនួន៤៦២៤ដុំ កាំជណ្តើរ​ចំនួន២៣៩២កាំ និង​បង្កាន់ដៃ​ចំនួន១៩២ សរុប​ចំនួន ៧.២០៨ដុំ ៕ប្រភព៖propertyarea

Most Popular

To Top