ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោកអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំណែនាំ នីតិវិធីរៀបចំវគ្គបណ្តុះបណ្តាល ការប្រកួតជើងឯកថ្នាក់ជាតិ និងរបាយការណ៍ របស់សហព័ន្ធកីឡាជាតិទទួលថវិកា គាំទ្រ២០២០របស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ។
លោក ម៉ិល កាដូ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិចំនួន២១ទទួល បានថវិកាគាំទ្រ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡាត្រូវតែដឹងច្បាស់ ពីការចំណាយថវិកា ដែលកំណត់ជា៣មុខសញ្ញា ចំណាយ គឺការងាររដ្ឋបាល២០ ភាគរយ ការងារបណ្ដុះបណ្ដាល ៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយ របស់សហព័ន្ធកីឡាជាតិនីមួយៗ។
លោកបន្តថា ដោយអនុវត្តតាមកំណែ ទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិក្នុងឆ្នាំ២០១៧ មានចំនួន២១សហព័ន្ធ ឆ្នាំ២០១៨ មានចំនួន ៣៤សហព័ន្ធ និងឆ្នាំ២០១៩ មានចំនួន៤០សហព័ន្ធ ដោយឡែកក្នុងឆ្នាំ២០២០នេះ សហព័ន្ធជាតិចំនួន៤១ទទួលបានការគាំទ្រ ។
ដោយពិនិត្យរបាយការណ៍ចំណូល ចំណាយឆ្នាំកន្លងមក សហព័ន្ធកីឡាជាតិមួយចំនួន ពុំទាន់អនុវត្តបានត្រឹមត្រូវតាមនិតិវិធី របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានណែនាំ ដូចនេះនាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំការប្រជុំនេះឡើង ក្នុងគោលបំណង ជួយបង្ហាញ ដល់មន្ត្រីសហព័ន្ធ ដែលទទួលភារកិច្ច ផ្នែកផែនការហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីធានាបាននូវ ការអនុវត្តតាមនិតិវិធីចំណាយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះកិច្ច ព្រមព្រៀងជាមួយសហព័ន្ធជាតិជារៀងរាល់ឆ្នាំ៕
ដោយ៖លី ភីលីព