កីឡា

ខេត្តកណ្តាល បិទការប្រកួតកីឡាតេក្វាន់ដូ WT និងកីឡាចំបាប់ជើងឯកថ្នាក់ខេត្ត២០២០

កណ្ដាល៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកខេត្តកណ្តាលឆ្នាំ២០២០ នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ បានបិទជាផ្លូវការហើយដោយ មានអញ្ជើញពីសំណាក់លោក ហេង ផេង អនុប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល និងអ្នកតំណាងក្លិបទំាង៧ចូលរួមប្រកួតនៅទីលាន ប្រកួតសួនច្បារមាត់ទន្លេ។

លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ចំពោះកីឡាតេក្វាន់ដូ WT យើងធ្វើឡើងនៅទីកុ្រងតាខ្មៅដែលមានកីឡាករ-កីឡាការិនីចំនួន ៤៩នាក់ មកពី៦ក្លិននៅទូទំាងខេត្តកណ្តាលលើ ៧វិញ្ញាសា។ សម្រាប់ការប្រកួតកីឡាតេក្វាន់ដូWT ក្លិបមាន៖ ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែក ក្លិបកីឡាតេក្វាន់ដូWTLCDI  ក្លិបកីឡាតេក្វាន់ដូWTអាស៊ី ក្លិបកីឡាតេក្វាន់ដូWT KA ក្លិបកីឡាតេក្វាន់ដូWT OP1 ក្លិបកីឡាតេក្វាន់ដូWT ខ្លាខ្មៅ និងក្លិបកីឡាតេក្វាន់ដូWTខ្លាស។

ចំពោះវិញ្ញាសាមេគុនរួមមាន៖កុមារី អាយុ ១០-១៤ឆ្នាំ នារី អាយុ ១៥-២៨ និងវិញ្ញាសាប្រយុទ្ធ៖កុមារាអាយុ ៦-៨ឆ្នាំ ក្រោម៤០គ.ក្រ កុមារាអាយុ ៩-១១ឆ្នាំ ក្រោម៤១គ.ក្រ បុរស់អាយុ ១៣-១៧ឆ្នាំ ក្រោម៧៥គ.ក្រ នារីអាយុ ១៣-១៤ឆ្នាំ ក្រោម៥៥គ.ក្រ និងនារីអាយុ ១៤-១៧ឆ្នាំ ក្រោម៤៩គ.ក្រ។

លោកបន្តថា ចំណែកកីឡាចំបាប់ជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រព្រឹត្តឡើង នៅវិទ្យាល័យស្រុកវិហារសួគ៌ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ក៏ចម្រាញ់រកកីឡាករមានសមត្ថភាពដែរ ក្រោយពីបញ្ចប់ខេត្ត នឹងរៀបចំការប្រកួតមហាជនទៀតផង។ 

លោក ហេង ផេង បានប្រាប់ឲ្យដឹងថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ ខេត្តកណ្តាលមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តារៀបចំការប្រកួតកីឡាតេក្វាន់់ដូWT និងកីឡាចំបាប់ជ្រើសរសើជើងឯកថ្នាក់ខេត្តរបស់ខ្លួន ដើម្បីចម្រាញ់រកកីឡាករមាន សមត្ថភាពតំណាងឲ្យខេត្តកណ្តាលចូលរួមការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ។ សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្វាហាប់ គោរពបាននូវក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី នាឱកាសនេះផងដែរ។ 

លោកបានបន្តថា សម្រាប់កីឡាករ-កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀតឲ្យទទួលបានជ័យលាភីផងដែរ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ៕

Most Popular

To Top