ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមបាល់ទះជើងខ្លាំង២ក្រុម រកបាន៣ពិន្ទុដូចគ្នា នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាព អបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ បន្ទាប់ពីពួកគេបានយកឈ្នះ លើគូប្រកួតរៀងៗខ្លួន ដោយការប្រកួតប្រព្រឹត្ត នៅទីលានបាល់ទះវីសាខា។
ក្រសួងមហាផ្ទៃយកឈ្នះ លើក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល៣សិត ទល់២សិតគឺ២៥-១៧, ២៨-៣០,១១-២៥, ២៥-២៣ និង១៦-១៤ ចំណែកក្រុមបាល់ទះម្ចាស់ផ្ទះ វិសាខាយកឈ្នះ លើ ក្រុមកងពលធំអន្តរាគមន៍ លេខ៣លទ្ធផល៣សិតទល់០ គឺ២៥-២២, ២៥-២១ និង ២៥-១៦។
ក្រុមដែលមានឈ្មោះ ចូលរួមមានក្លិបកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លិបកីឡាបាល់ទះកងពលអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែក ពានរង្វាន់សម្រាប់លើក ទឹកចិត្តដល់ក្រុមជ័យលាភីវិញ ចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា២លានរៀល ចំណាត់ថ្នាក់លេខ២ ថវិកា ១,៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ថវិកា១លានរៀល៕ ដោយ៖លី ភីលីព




