កីឡា

បិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាន នៅខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការតំណាងលោកលោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពតអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាន។

លោក ឃុន ផានិត អ្នកគ្រប់គ្រងវគ្គ៖ វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ដោយបានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ។ តាំងនាមតំណាងឱ្យគ្រូឧទេ្ទស សូមរាយការណ៍ជូន គណៈអធិបតី  ភ្ញៀវកិត្តិយស សិក្ខាកាមទាំងអស់ ជ្រាបថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន អស់រយៈពេល៥ថ្ងៃកន្លងមក មានគ្រូឧទ្ទេស ចំនួន ៥ នាក់ (ប្រុស) មកពីសហព័ន្ធកីឡាវាកូនឃ្លីលើតុកម្ពុជា និងសិក្ខាកាម ចូលរួមទាំងអស់សរុប ចំនួន ២៦នាក់ (ស្រី ០៩នាក់) ។ សហព័ន្ធបានឧបត្តម្ភ សម្ភារកីឡាវាយកូនឃ្លីលើតុ មួយចំនួនដូចជា៖ តុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន ០២ និង សំណាញ់ ចំនួន ០២  រ៉ាកែតវាយកូនឃ្លីលើតុ (រ៉ាកែតប៉េងប៉ុង) ចំនួន ៤៨ រ៉ាកែត និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២០០ គ្រាប់

លោកបន្តថា ខ្ញុំបាទសូមសម្ដែងនូវការកាតសរសើរដល់សិក្ខាកាមគ្រប់រូប ដោយស្មោះអស់ពីដួងចិត្ត ដែលបានខិតខំរៀនសូត្រ ទាំងទ្រឹស្ដីនិងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹងនិងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ តាមការធ្វើតេស្ដ និងពិនិត្យជាក់ស្ដែង គណៈកម្មការគ្រូឧទ្ទេស សូមធ្វើការវាយតម្លៃសិក្ខាកាមបានយល់ដឹង ដូចខាងក្រោម៖ និទ្ទេស ល្អ១០% និទ្ទេស ល្អបង្គួរ  ៥០%និងនិទេ្ទស មធ្យម  ៤០%។

លោក ស៊ុន សុទ្ធារិទ្ធបានមានប្រសាសន៍ថា តាងនាមលោកប្រធាន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងខ្លួនខ្ញុំផ្ទាល់មានចិត្តរំភើបនិងរីករាយ ដែលទទួល បានការសហការណ៍និងគាំទ្រពីថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងសហរីទាំងអស់ បង្កលក្ខណៈដល់ភាពងាយស្រួល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបានដោយរលូន និងជោគជ័យ ៕

Most Popular

To Top