ភ្នំពេញ ៖ ក្រុមកីឡាបាល់បោះ Yuetai Mekongers គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះ ក្រុមកីឡាបាល់បោះ Extra Joss Fig htersនៅវគ្គផ្តាច់ព្រ័ត្ររៀបចំឡើង ដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន ដើម្បីអភិឌ្ឍនកីឡាបាល់បោះកម្ពុជា ត្រៀមការប្រកួត SEA GAMES 2021 និង SEA GAMES 2023 ។
នាយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាតំណាងលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតleague បាល់បោះ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ចំណែកក្រុមកីឡាបាល់បោះ ABA Dragon បានត្រឹមចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់បោះលីក “league” ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Master Tapsi នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ការប្រកួតនេះមាន៧ក្រុម ចូលរួមដែលបានចាប់ផ្តើមការប្រកួត ជាផ្លូវពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែមេរោគ COVID-19 ត្រូវបានពន្យារ ពេលរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបបញ្ចប់ការប្រកួតជាផ្លូវការ ។
លោក ឈី សម្បត្តិ បានប្រសាសន៍ថា តាំងនាមប្រធានសហព័ន្ធ និងរូបលោកផ្ទាល់សូមវាយតម្លៃខ្ពស់ ចំពោះការប្រកួតដែលប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌សម្រាប់ក្រុម ចូលរួមការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០ដោយជោគជ័យ ។ ការប្រកួតនេះ សម្រាប់អភិឌ្ឍ មន្រ្តីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួត ក្នុងការអភិឌ្ឍនសមត្ថភាព របស់ខ្លួនដើម្បីត្រៀមខ្លួនព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួត៕ដោយ៖លី ភីលីព