ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តលិក ចូលរួមចំនួន ១៩៣នាក់រៀប ចំដោយសហព័ន្ធប្រើប្រាស់ ថវិការបស់ក្រសួងអប់រំ យុនជន និងកីឡា និងដៃគូឧបត្ថម្ភក្រុមកីឡាកីឡាល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ចំនួន៧គ្រឿង។
ក្នុងឳកាសប្រគល់មេដាយ និងជយលាភីដល់អត្តពលិកគុនល្បុក្កតោ ដោយមានការអញ្ជើញបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក្លាយជាប្រធានសហព័ន្ធកីឡា ល្បុក្កតោកម្ពុជា លោកកែវ រ៉េមី លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងជាអនុប្រធានទី១ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ និងអគ្គលេខាធិការNOCC ។
ក្រោយពីបញ្ចប់ការប្រកួតជាផ្លូវការ ក្រុមកីឡាកីឡាល្បុក្កតោ ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯក ដោយដណ្តើមមេដាយមាស ចំនួន៧គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង សាលគុនកីឡាល្បុក្កតោ តារាជដណ្តើមមេដាយមាសចំនួន៦គ្រឿង និងមេដាយប្រាក់១គ្រឿង សាលគុនកីឡាល្បុក្កតោសុវណ្ណអង្គរនាគរាជ ដណ្តើមមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់៤គ្រឿង និងសាលគុនកីឡាល្បុក្កតោ DPSS ដណ្តើមមេដាយមាសចំនួន៣គ្រឿង និងមេដាយប្រាក់២គ្រឿង។
ចំណែកសាលគុនកីឡាល្បុក្កតោខេមវើល ដណ្តើមមេដាយមាសចំនួន២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង សាលគុនកីឡាល្បុក្កតោគោកឆ្លក ដណ្តើមមេដាយមាសចំនួន១គ្រឿង និងមេដាយប្រាក់២គ្រឿង សាលគុនកីឡាល្បុក្កតោ ព្រះស៊ីសុវត្ថី (ដំរីស) ដណ្តើមមេដាយមាសចំនួន១គ្រឿង និង មេដាយសំរិទ្ធ៤គ្រឿង និងសាលគុនកីឡាល្បុក្កតោ លក្ខរ៉ៃយ៉ុង ដណ្តើមមេដាយមាស ចំនួន១គ្រឿង ៕