កីឡា

ធ្លាយ​រូប ​នាវា​កម្សាន្ត​យក្ស​១​ទៀត​​ របស់​ម្ចាស់​ក្លឹប​ Chelsea ​មាន​តែ​១​គត់​លើ​លោក​

​លោក ​​Roman Abramovich ​គឺ​ជា​មហាសេដ្ឋី​របស់​រុស្ស៊ី ​និង​ជា​ម្ចាស់​ក្លឹប Chelsea ​ផ្ទាល់​តែ​ម្ដង ដែល​លោក​បាន​ទិញ​យក ​កាល​ពី​ឆ្នាំ​២០០៣​កន្លង​ទៅ ​ក្នុង​តម្លៃ​១៤០​លាន​ផោន​ប៉ុណ្ណោះ។

​សេដ្ឋី​លុយ​វាល់​លាន​ដុល្លារ​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​បញ្ជា​ទិញ​នាវា​កម្សាន្ត​ខ្នាត​ធំ​មួយ​គ្រឿង​ទៀត​ហើយ ដែល​កំពុង​តែ​សាងសង់​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​តម្លៃ​ដល់​ទៅ​៥០០​លាន​អឺរ៉ូ​ឯ​ណោះ។ ​នាវា​ថ្មី​មួយ​គ្រឿង​នេះ​ដែរ ​មាន​ប្រវែង​វែង ​និង​ធំ​ជាង​នាវា​កម្សាន្ត​ឯកជន​ធម្មតា ​ហើយ​ក៏​នឹង​បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ​ផង​ដែរ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​របស់​លោក Roman។

នាវាថ្មីកំពុងសាងសង់នៅអាល្លឺម៉ង់ ​មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​លម្អិត​ ពី​នាវា​ដែល​មាន​តែ​មួយ​គត់ ​លើ​លោក​នេះ​ទេ ប៉ុន្តែ​ប្រភព​ជា​ច្រើន ​បាន​អះអាង​ថា ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ឱ្យ​ខុស​ប្លែក​ពី​នាវា​កម្សាន្ត​​ដទៃ​ទៀត ​និង​ក្លាយ​ជា​នាវា​ខ្លាំង​បំផុត​ មាន​តែ​មួយ​គត់​នៅ​លើ​លោក។ ជាមួយ​គ្នា​នោះ គេ​ក៏​ជឿ​ថា​លោក Roman ​នឹង​បំពាក់​ប្រព័ន្ធ​ការពារ​មីស៊ីល ​និង​គ្រឿង​ការពារ​ខ្លួន​លើ​នាវា​នេះ​មិន​ឱ្យ​ខុស​ពី​នាវា​មុន​របស់​លោក​នោះ​ទេ។ ​

នាវាចាស់ របស់លោក Roman ​រំលឹក​ថា​លោក Roman ​មាន​នាវា​ផ្ទាល់​ខ្លួន​មួយ​ទៅ​ហើយ​តម្លៃ​ប្រមាណ​៣០០​លាន​ផោន។ ​នាវា​មួយ​នោះ​លោក​បាន​ទិញ ​នៅ​ឆ្នាំ​២០១០ ​ហើយ​បាន​បំពាក់​​បន្ថែម​ទៀត ជាមួយ​ប្រព័ន្ធ​ការពារ ​ដែន​អាកាស ​និង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី។ ​នាវា​កម្សាន្ត​នេះ ​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​បាន​២​គ្រឿង​ ​ទូក​ល្បឿន​លឿន​៣​គ្រឿង ​និង​មាន​នាវា​មុជ​ទឹក​១​ផង​ដែរ ដែល​អាច​មុជ​ដល់​ជម្រៅ​៥០​ម៉ែត្រ​។ ​កញ្ចក់​នៅ​លើ​នាវា​នេះ សុទ្ធ​តែ​ការពារ​គ្រាប់​ទាំង​អស់ ។ ដោយ​ឡែក​សម្រាប់​បន្ទប់​វិញ​នៅ​​លើ​នាវា​នេះ សុទ្ធ​តែ​លំដាប់​ផ្កាយ​៥ ​ទំនើប​ផុត​លេខ​តែ​ម្ដង ៕

Most Popular

To Top