កីឡា

ក្រុមជម្រើសជាតិ ៧ប្រភេទកីឡា ទទួលការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ថ្ងៃដំបូង

ភ្នំពេញ ៖ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ បានរយៈពេល៣ថ្ងៃ សម្រាប់នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា នេះជាការកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ។

ការចាក់វ៉ាក់សាំងនេះ បានធ្វើជាបន្តបន្ទាប់ ជូនដល់កងយោធពលខេមរភូមិន្ទ ដែលរហូតដល់ពេលនេះ មានចំនួនច្រើនជាង ៦ម៉ឺននាក់ ហើយៗនៅថ្ងៃនេះ កំពុងបន្តដាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមប្រកួត និងចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស ឆ្នាំ២០២១។

សម្តេចពិជ័យសេនា មានប្រសាសន៍ទៀតថា យុទ្ធនាការយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់ផ្នែកកីឡានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីសុខមាលភាព សង្គមជាតិ យើងផង ក៏ដូចជាបង្កើន បានសុវត្ថិភាព ជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងការបន្តការហ្វឹកហាត់ ការប្រកួតនៅក្រៅប្រទេសផង ។
សម្តេចពិជ័យសេនា ក៏ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះរួចរាល់ហើយដែរ រួមទាំងកងយោធពលខេមរភូមិន្ទ ជាង៦ម៉ឺននាក់ ដោយទទួលបាន នូវសុខភាពធម្មតា និងលទ្ធផលល្អប្រសើរទៀតផង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២មីនានេះ ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាទទួលការចាក់ វ៉ាក់សាំងនេះ បានជាង២០០នាក់ហើយៗ ហើយពេលល្ងាចថ្ងៃដដែលនេះ នឹងបន្តចាក់បន្ថែមទៀត ដោយក្នុង១ថ្ងៃចាក់ឲ្យបាន៥០០នាក់ ឬអាចបញ្ចប់ ការចាក់រយៈពេលពីរថ្ងៃតែម្តង ។ តាមការចង្អុលបង្ហាញ ពីលោកមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញ ឲ្យក្រុមជម្រើសជាតិកម្ពុជា ចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមប្រកួត និងការហ្វឹកហាត់ នៅក្រៅប្រទេស ។

កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់ទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ និងមានមោទនភាពណាស់ ចំពោះការអញ្ជើញផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ និង ការលើកទឹកចិត្ត ពីសម្តេចពិជ័យសេនា ទៀ បាញ់ ។ ជាមួយគ្នានោះសម្តេចប្រធាន CAMSOC ក៏បានណែនាំឲ្យខិតខំ ចាក់វ៉ាក់សំាងនេះ ឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលស្ថិតនៅក្រោមអាយុ១៧ឆ្នាំ និង១៨ឆ្នាំ ត្រូវពិគ្រោះជាមួយក្រុមគ្រូពេទ្យ ជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលប្រចាំការនៅទីនេះ ។

លោក ចំរើន បន្ថែមថា «យើងនឹងធ្វើការងារនេះឲ្យបានហ្មត់ចត់បន្ថែមទៀត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងក្រុមអ្នកសម្តែង ទាំងក្រុមសិល្បៈករ ត្រៀមទៅទទួលទង់ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ ក៏ត្រូវនឹងមកទទួលការចាក់វ៉ាក់សាំង បង្ការនេះនៅទីនេះដែរ។
នេះជាជំហានដំបូង នៃចំនួនជាង១០០០នាក់ ហើយនៅពេលខាងមុខយើង នឹងបន្តការចាក់នេះសម្រាប់ក្រុមត្រៀមឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ ។

សូមបញ្ចាក់ថា តាមកម្មវិធីគ្រោងទុកមានរយៈពេល៣ថ្ងៃ សម្រាប់ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ជំហានដំបូងនេះ គឺមានចំនួនសរុប ១០៥១នាក់៕

Most Popular

To Top