កីឡា

បន្ទាប់ពីចាញ់ជប៉ុន ០ទល់៤ ក្រុមជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំកម្ពុជា ទំនងជាអស់ឳកាស

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២៣ឆ្នាំ របស់កម្ពុជា បានប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២៣ឆ្នាំ ជប៉ុន ក្នុងលទ្ធផល ០ទល់ ៤ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅប្ទេសជប៉ុន នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ។

ជាមួយនឹងការប្រកួតចាញ់នេះ ក្រុមកម្ពុជា ទំនងជាបាត់បង់ឧិកាស ដើម្បីឡើងទៅលេងវគ្គបន្ដទៀត ហើយតែអ្វីៗ គឺនៅចាំអ៊ុត មើលការប្រកួតរវាងជប៉ុន ជាមួយក្រុមហុងកុង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ស្អែកនេះសិន ក្នុងជំនួបជាមួយហុងកុងកម្ពុជា បានប្រកួតឈ្នះ៤ទល់២ ។

លោក Keisuke Honda អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជា បាននិយាយ ថា ត្រូវការកែតម្រូវការ លេង របស់កូនក្រុមជាច្រើនទៀត ដើម្បីត្រៀមប្រកួត ជាមួយក្រុមដទៃទៀត ដែលមានកម្រិតស្មើជប៉ុន នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា ចាញ់ ៤គ្រាប់ ក្រោមថ្វីជើង ក្រុមជម្រើសជាតិ យុវជនជប៉ុន លោក Honda បានចាត់ទុកថា វាមិនមែនជាការ ប្រកួតដ៏អាក្រក់ នោះទេ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺ លោកបានជំរុញ ឲ្យកូនក្រុមខិតខំប្រឹងប្រែង បន្ថែមទៀត ពិសេសត្រូវចេះស្រេកឃ្លាន នូវភាពរីកចម្រើន ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣ ។
អ្នកចាត់ការរូបនេះបន្តថា ពួកយើងត្រូវកែតម្រូវការលេង របស់យើងជាច្រើនទៀត ។ យើងត្រូវលេងជាមួយក្រុម ដែលមានកម្រិតស្មើជប៉ុន នៅឆ្នាំ២០២៣ ។ យើងមានពេល តែមួយឆ្នាំជាងទៀតទេ ។ ដូច្នេះយើងមិនមានពេលច្រើនទេ ។ ទាំងផ្នែកកលល្បិច បច្ចេកទេសផ្នែកបច្ចេកទេស និងកម្លាំង អ្នកទាំងអស់គ្នា ត្រូវមានភាពស្រេកឃ្លាន ចង់រីកចម្រើននូវសមត្ថភាព នៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ ។ តោះ! ធ្វើវាទាំងអស់គ្នាពួកយើង» ។

ក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះ ពូល K នៃពានរង្វាន់ AFC U23 Asian Cup 2022 ដោយឈរលេខ២ និងមាន ៣ពិន្ទុបណ្ដោះអាសន្ន ស្មើជប៉ុន បន្ទាប់ពីឆ្លង កាត់ ២ប្រកួតឈ្នះ ១ (ឈ្នះ U23 ហុងកុង ៤-២) និងចាញ់ ១ (ចាញ់ U23 ជប៉ុន ៤-០) ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមគោព្រៃ ជំទង់កម្ពុជា ត្រូវរង់ចាំអ៊ុតលទ្ធផល ការប្រកួតបញ្ចប់ពូល រវាងជប៉ុន និងហុងកុង នាថ្ងៃទី២៨ ខែតុលា និងលទ្ធផលពូលផ្សេងៗទៀត ៕

Most Popular

To Top