កីឡា

ក្រុមអត្តពលិក ជម្រើសជាតិ ចំនួន ១,០៥១នាក់ បញ្ចប់ការចាក់វ៉ាក់សាំង ត្រៀមហ្វឹកហាត់សម្រាប់ SEA GAMES 2021

ភ្នំពេញ៖ទីបំផុតកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា រួមជាមួយគ្រូបង្វឹក និងមន្ត្រីដឹកនាំបានបញ្ចប់ការចាក់វ៉ាក់សាំងការពារមេរោគCOVID-19 រួចរាល់ជាស្ថាពរចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះនៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីត្រៀមខ្លួនចូលរួមហ្វឹកហាត់ ឡើងក្រោយពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម។

តាមការគ្រោងទុកក្នុងចំណោមក្រុមជម្រើសជាតិទាំងអស់នេះ គឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយ នៅថ្ងៃទី១៥ ខែមីនានេះ គឺជាថ្ងៃចាក់បញ្ចប់ដែលមាន ចំនួន ១០៥១នាក់។ នាថ្ងៃចាក់បញ្ចប់នេះគេសង្កេតឃើញថា កីឡាករ-កីឡាការិនីជម្រើសជាតិមួយចំនួន ជាពិសេសគឺក្រុមកីឡាករបាល់ទាត់ដែលមានការប្រកួតតាំងពីថ្ងៃទី២ -៤ខែ ខែមីនា ឆ្នាំ២០២១កន្លងមកនោះមិនទាន់បានចាក់ទេ ដូច្នេះនៅថ្ងៃ១៥ ខែមីនា ពួកគាត់បានមកចាក់វ៉ាក់សំាង បង្ការមេរោគCOVID-19ដើម្បីបញ្ចប់បញ្ជីដែលមានចំនួនសរុប ១០៥១នាក់នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2021 លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះគឺជាថ្ងៃចាក់បញ្ចប់នៃ ក្រុមជម្រើសជាតិកម្ពុជាដែលទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំកម្ម វិធីចាក់វ៉ាក់សាំងបង្ការមេរោគCOVID-19ជូនដល់ថ្នាក់មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាសរុបចំនួន ១០៥១នាក់ ដើម្បីត្រៀមលក្ខណៈចេញទៅចូលរួមប្រកួត ក្នុងឆ្នាំ២០២១នេះ។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃមេរោគCOVID-19 ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាមបណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ-កីឡាការិនីជម្រើសជាតិ នានាត្រូវបានរៀបចំឲ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិភាព និងនៅតាមផ្ទះរៀងៗខ្លួន។
លោកសំណូមដោយស្នើសុំឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគោរពតាមកម្មវិធី ហ្វឹកហាត់របស់គ្រូបង្វឹកជាតិ និងអន្តរជាតិឲ្យបានហ្មត់ចត់ជាទីផុត។ប្រសិនបើមិនបានហ្វឹកហាត់ឲ្យបានដិតដល់នោះទេនឹងមានបញ្ហាកម្លាំងកាយសុខភាពរបស់ ពួកគាត់នៅពេលចូលហ្វឹកហាត់ឡើងវិញនោះជាក់ជាមិនខាន។

ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយនៃការប្រមូលផ្តុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិនេះ កីឡាករ- កីឡាការិនីជម្រើសជាតិដាច់ខាតមិនត្រូវ សម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឲ្យឡើងទម្ងន់ឡើយ ហើយដាច់ខាតត្រូវតែមានភាពច្បាស់លាស់ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឲ្យបានល្អ នៅក្នុងពេលដែលមិនបានហ្វឹកហាត់ជុំគ្នានេះ៕

Most Popular

To Top