កីឡា

ប្រវត្តិសាស្ត្រថ្មី សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ឈ្នះមេដាយសំរិទ្ធ៣គ្រឿង នៃ SEA GAMES 2021

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា លោក ម៉ិល កាដូ អគ្គរងអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ព្រមទាំងតំណាងសហព័ន្ធកីឡាជាតិនានា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ប្រតិភូកីឡាកម្ពុជា លើ៦ប្រភេទកីឡា។

ប្រតិភូកីឡាកម្ពុជាលើ៦ប្រភេទកីឡា បានធ្វើដំណើរវិលត្រឡប់ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញបេសកកម្ម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

សម្រាប់ប្រភេទកីឡាទាំង៦នេះ ក្នុងនោះកីឡាការ៉ាតេ ដណ្តើមបានមេដាយមានសំរិទ្ធ ក្រៅពីការ៉ាតេមានកីឡាសីដក់ កីឡាទូកប្រពៃណី អុកចិន បាល់ទះឆ្នេរខ្សាច់ កីឡាប៊ីយ៉ា។ ប្រភេទកីឡាការ៉ាតេមេដាយសំរឹទ្ធ ចំនួន០៣នាក់ គឺកីឡាការិនី លីម សុខវិច្ឆិកា វិញ្ញាសាក្នុងប្រភេទទម្ងន់ក្រោម-៥៥គីឡូក្រាម កីឡាការិនី វណ្ណ សូដានីហេន វិញ្ញាសាក្នុងប្រភេទទម្ងន់ ៦៨គីឡូក្រាមឡើង និងកីឡាករ ជូន មីឡាតម៉ាដាស វិញ្ញាសាក្នុងប្រភេទទម្ងន់ក្រោម -៧៥គីឡូក្រាម។

ជាប្រវត្តិសាស្ត្រ សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានសហ័ន្ធកីឡាការ៉ាតេកម្ពុជា ទើបទទួលបានមេដាយសំរឹទ្ធចំនួន ០៣គ្រឿងលើកដំបូង នៃព្រឹត្តិការណ៍ SEA GAMES 2021នេះ៕ ដោយ៖លី ភីលីព

Most Popular

To Top