កីឡា

អត្តពលិតកម្ពុជា​ មានជំនឿចិត្ត និងសុខភាពល្អធម្មតា បន្ទាប់ពីចាកវ៉ាក់សាំង

ភ្នំពេញ ៖ ទោះបីមានក្រុមមនុស្សមួយចំនួន បរិយាយមិនល្អ ពីការចាក់វ៉ាក់សាំង ការពារ COVID-19 ក៏ដោយ ក៏ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 ទាំង២ លើកកាលពីដើមខែ និងពាក់កណ្តាល ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អះអាង ពីការពិត នៃសុខភាពរបស់ខ្លួនម្នាក់ៗ ដោយក្រោយការចាក់វ៉ាក់សាំងនេះ មិនមានផលប៉ះពាល់ ដល់សុខភាព និងមិនធ្វើឲ្យរងផលប៉ះពាល់ ដល់ការហ្វឹកហាត់ ត្រៀមការប្រកួតនានានោះទេ ។

ផ្ទុយទៅវិញវាបានផ្តល់ជំនឿចិត្ត កាន់តែខ្ពស់ និងបន្តការចូលរួមអនុវត្តវិធានការ សុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយគ្នាផងដែរ ។ ជាមួយនឹងការបញ្ចប់ នូវការចាក់វ៉ាក់សាំងទាំង២លើករួច ហើយនោះកីឡាករ កីឡាការិនីល្បីៗ របស់កម្ពុជា បានបង្ហាញនូវអារម្មណ៍ របស់ខ្លួនថា ពិតជាមានអារម្មណ៍ ស្ងប់ក្នុងការហ្វឹកហាត់ ។

កីឡាករជម្រើសជាតិប៉េតង់ សុខ ចាន់មាន ម្ចាស់មេដាយមាសជើងឯក ពិភពលោក ២០១៦ បានបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះថា សម្រាប់ខ្ញុំ អត់អីផង សុខភាពខ្ញុំធម្មតាទេ ។ វាមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏មិនប៉ះពាល់ ដល់ការហ្វឹកហាត់របស់ខ្ញុំដែរ ។ ជាកីឡាករជម្រើសជាតិ មកពីក្រសួងការពារជាតិ នោះ ចាន់មាន បន្តថា ខ្ញុំចាក់វ៉ាក់សាំងខាងក្នុង ក្របខ័ណ្ឌយោធាចំនួន២លើក រួចមកហើយដែរ ដែលបច្ចុប្បន្នបានធ្វើឲ្យខ្ញុំកាន់ តែមានទំនុកចិត្តខ្ពស់ហើយខ្ញុំជឿជាក់ថា ក្រោយការចាក់វ៉ាក់សាំង នឹងជួយធ្វើឲ្យមានមានសុវត្ថិភាព កាន់តែខ្ពស់ ប៉ុន្តែយើងនៅតែបន្តអនុវត្តវិធានការ សុខាភិបាល ខ្ជាប់ខ្ជួនដដែល ។ ប្រសិនបើអត់បានចាក់វ៉ាក់សាំង គឺយើងនឹងមានអត្រាការឆ្លងជំងឺ COVID-19 ខ្ពស់ និងគ្រោះថ្នាក់ខ្លាំងណាស់ ។

កីឡាកររូបនេះបន្តថា រូបគេសុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានយកចិត្តទុកដាក់ផ្តល់ការចាក់វ៉ាក់សាំង ដល់ក្រុមជម្រើសជាតិកម្ពុជា» ។

កីឡាការិនីប៉េតង់វ័យក្មេង ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយមាស (ក្រុម)SEA GAMES ២០១៩ ក៏អះអាងដែរថា រូបនាងបានចាក់រួចរាល់ (លើកទី២) កាលពីថ្ងៃទី២៣ ខែមីនា ដោយកាលពីចាក់លើកទី១ និងលើកទី២ គ្មានប៉ះពាល់អ្វីដល់សុខភាពនោះទេ គ្រាន់តែថ្ងៃទី១ និងថ្ងៃ ទី២ ឈឺក្បាលនិងក្តៅខ្លួន បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកសុខភាព របស់នាងល្អធម្មតា ។ បច្ចុប្បន្នក្រុមកីឡាការិនីរូបនេះ នៅមិនទាន់ប្រមូលផ្តុំហ្វឹកហាត់ នៅឡើយទេ ដោយសម្រាកនៅផ្ទះ និង ចូលរួមការពារតាមវិធានការ សុខាភិបាល ។

ចំពោះកីឡាករជម្រើសជាតិតេក្វាន់ដូ ITF(International Taekwondo Federation) ប៉ាល់ ជីវ័ន្ត ម្ចាស់មេដាយមាសជើងឯក ពិភពលោក ឆ្នាំ២០១៩ ខ្ញុំទទួលការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 លើកទី២រួចរាល់យូរដែរ ហើយតាំងពីថ្ងៃទី១៧ មីនា មកដោយសុខភាព ខ្ញុំរាល់ថ្ងៃគឺធម្មតា។ ក្រោយការ ចាក់វ៉ាក់សាំង ទាំងពីរលើករួចមកមិនប៉ះពាល់ដល់សុខភាពខ្ញុំទេ ហើយអាចហ្វឹកហាត់បានធម្មតា ក្រោយពីការចាក់បាន៣ថ្ងៃ ។ ខ្ញុំមានទំនុកចិត្តកាន់ តែខ្ពស់ ប៉ុន្តែខ្ញុំនៅតែបន្តការអនុវត្តវិធានការ ៣កុំ៣ការពារដដែល ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់កីឡាករ កីឡាការិនី និងប្រជាជនទូទាំងប្រទេស ។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ស្ថាប័នកីឡាទាំងអស់ ។

កីឡាករជម្រើសជាតិកាយសម្ព័ន្ធ ង៉ែត តុលា លើកឡើងថា រូបគេពិតជាសប្បាយរីករាយជាខ្លាំង ដែលទទួលបានការចាក់វ៉ាក់សាំង រួចលើកទី១ កាលពីថ្ងៃទី២ខែមីនា និងលើកទី២ កាលពី១៦ខែមីនា ។ ក្រោយការចាក់តាំងពីដើមខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ គឺសុខភាពខ្ញុំនៅល្អ និងហ្វឹកហាត់ជាប់ជាប្រចាំមិន មានអ្វីកើតឡើងជាបញ្ហានោះទេ ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា កីឡាករ កីឡាការិនីទាំងអស់ កន្លងមកនេះ ។

កីឡាការិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ថន សុម៉ាវត្តី បញ្ជាក់ថា រូបគេបានចាក់វ៉ាក់សាំង លើកទី១ កាលពីថ្ងៃទី២ និងលើកទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលចាប់ពីតាំងបន្ទាប់ពីចាក់រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មិនមានបញ្ហាប្រតិកម្មអ្វី ទាំងអស់ ។
ក្រោយការចាក់ទាំងពីរលើក រយៈពេល៤-៥ថ្ងៃ គឺនាងខ្ញុំបានបន្តការហ្វឹកហាត់ ជាប់ជាប្រចាំនៅផ្ទះរបស់នាង ខ្ញុំឡើងវិញ ហើយសុខភាព របស់នាងល្អ មាំមួនធម្មតា ។ នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ជូនសម្តេចតេជោហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ។ ក្នុងនាមជាកីឡាការិនីជម្រើសជាតិ នាងខ្ញុំសូមឲ្យបងប្អូន ចូលរួមគោរពវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន និងចូលរួមទទួលការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 ឲ្យបានគ្រប់ៗគ្នា» ៕

Most Popular

To Top