កីឡា

អ្នកញៀនកីឡាអូឡាំពិក បានចំណាយប្រាក់៤ ម៉ឺនដុល្លារ សម្រាប់សំបុត្រ បានត្រឹមទស្សនាខាងក្រៅ

តូក្យូ៖ លោក Kazunori Takishima បានចំណាយប្រាក់ចំនួន ៤ ម៉ឺនដុល្លារ សម្រាប់ការទិញសំបុត្រ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែច្បាប់មេរោគតឹងរ៉ឹង ហាមឃាត់អ្នកទស្សនា ទុកឲ្យលោកទស្សនា ពិធីបើកនៅខាងក្រៅ ពហុកីឡដ្ឋានជាតិអូឡាំពិក តាមទូរស័ព្ទរបស់លោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នៅពេលកាំជ្រួចបានផ្ទុះឡើង​ នៅពីលើពហុកីឡាដ្ឋាន និងហ្វូងមនុស្សដែលនៅខាងក្រៅបានអបអរសាទរ ចំណែក Takishima បានស្រក់ទឹកភ្នែក។ សំឡេងរបស់លោកនិយាយថា ខ្ញុំមានអារម្មណ៍ធូរស្បើយ ដែលពិធីបើកត្រូវបានធ្វើឡើង ខ្ញុំពិតជារីករាយណាស់ ព្រមទាំងមានមនុស្សជាច្រើន ស្រឡាញ់អូឡាំពិក។

ពាណិជ្ជករជនជាតិជប៉ុនរូបនេះ បានចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារអស់រយៈពេល ១៥ ឆ្នាំកន្លងមកហើយសង្ឃឹមថា នឹងអាចបំបែកឯតទគ្គកម្មពិភពលោក ដោយសារបានឃើញ ព្រឹត្តិការណ៍អូឡាំពិក ដែលមានចំនួនច្រើនបំផុត ក្នុងមួយជីវិត។ ជាមួយនឹងការប្រកួតចុងក្រោយ នៅក្នុងប្រទេសកំណើតរបស់លោក ដោយលោកបានរើសសំបុត្រ ចំនួន ១៩៧ សម្រាប់ខ្លួនលោក និងអ្នកផ្សេងទៀត។

ប៉ុន្តែក្រោយមកអ្នករៀបចំ ការប្រកួតបានសម្រេចចិត្ត រារាំងអ្នកគាំទ្រពីព្រឹត្តិការណ៍ អូឡាំពិក ស្ទើរតែទាំងអស់ ដោយសារតែហានិភ័យ នៃការឆ្លងវីរុសហើយ Takishima បានសម្រេចចិត្ត មើលពិធីបើកពីខាងក្រៅទ្វារ នៃកីឡដ្ឋានដែលមាន កៅអី ៦៨.០០០ ជំនួសវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top