អ្នកចាំទី David de Gea បានសង្គ្រោះបាល់ប៉េណាល់ទី បានជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ និងជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ២-១។

សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ពិតជាជក់ចិត្តខ្លាំងមែនទែន។ ម្ចាស់ផ្ទះ West Ham ជាអ្នករកគ្រាប់បាល់បានមុននៅនាទី៣០ ដោយ Benrahma។ តែនៅនាទី៣៥ ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏អាចរកគ្រាប់បាល់ តាមស្មើវិញបានឱ្យក្រុម Man Utd។ ការប្រកួតជិតនឹងចប់ទៅហើយ នៅនាទី៨៩ ក៏ Jesse Lingard អាចរកគ្រាប់បាល់នាំមុខ ឱ្យបិសាចក្រហមថែមទៀត។ ខណៈដែលនៅចុងម៉ោង West Ham ក៏ទទួលបានប៉េណាល់ទី មានឱកាសតាមស្មើបាន។

តែការទាត់ប៉េណាល់ទីរបស់ Noble នោះត្រូវបានសង្គ្រោះពីសំណាក់ De Gea ដែលធ្វើឱ្យក្ដីសង្ឃឹមតាមស្មើ របស់ក្រុម West Ham មិនអាចសម្រេចបាននោះទេ។ ការសង្គ្រោះបាល់បាននេះ គឺជាលើកដំបូងសម្រាប់អ្នកចាំទី អេស្ប៉ាញនេះហើយ រយៈពេល៥ឆ្នាំមកនេះ និងសរុបជាការស៊ុតប៉េណាល់ទីវិញ ៤១គ្រាប់ ទើបសង្គ្រោះបាននៅយប់មិញ៕ ប្រភព៖ សប្បាយ
