កីឡា

Townsend ចម្លង​របៀប​អបអរ​តាម​ Ronaldo ក្រោយ​ស៊ុត​ចូល​ ហើយ​រត់​ទៅ​សុំ​អាវ​ពី​ Ronaldo ទៀត

ខ្សែ​បម្រើ​ Andros Townsend ដែល​ជា​កីឡាករ​របស់​ក្លឹប​ Everton បាន​ធ្វើ​​របៀប​អបអរ​តាម​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ក្រោយ​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី​ទី៦៥ ក្នុង​ប្រកួត​ ត​ទល់​នឹង​ក្លឹប​ Manchester United កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដែល​ធ្វើ​ឲ្យ​ប្រកួត​នេះ​ មាន​លទ្ធផល​ចុង​ ក្រោយ​គឺ​ស្មើ​គ្នា ១-១។

ក្រោយ​ប្រកួត​ចប់​ភ្លាមៗ​ កីឡាករ​រូប​នេះ​ថែម​ទាំង​ បាន​រត់​ទៅ​តាម​សុំ​អាវ​ពី​ Ronaldo ថែម​ទៀត​ ព្រោះ​ថា​កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​ជា​កីឡាករ​ ដែល​ខ្លួន​ពេញ​ចិត្ត​បំផុត​។

បើ​តាម​ខ្សែ​បម្រើ​ Everton ខាង​លើ​និយាយ​ប្រាប់​ទៅ​កាន់​ Talksport នៅ​ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ចប់​ភ្លាម​ គេ​រត់​ទៅ​សុំ​អាវ​ពី​ Ronaldo ភ្លាម​ គេ​ថែម​ទាំង​បាន​ឭ​ Ronaldo កំពុង​និយាយ​បែប​រអ៊ូ​ពី​ការ​ប្រកួត​ហ្នឹង​ជា​ភាសា​ព័រទុយហ្គាល់​ទៀត​ផង​ តែ​ម៉េច​ក៏​ដោយ​គេ​នៅ​តែ​តាម​សុំ​ ៣ ទៅ​៤ដង​ឯណោះ​ ទម្រាំ​តែ​ Ronaldo ព្រម​ឲ្យ​ តែ​គេ​នឹង​ឲ្យ​នៅ​ខាង​ក្នុង​។ Townsend បាន​រង់​ចាំ​មួយ​សន្ទុះ​ នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ក៏​មាន​អ្នក​យក​មក​ឲ្យ​។

ក្រោយ​ទទួល​បាន​អាវ​ពី​ Ronaldo បែប​នេះ​ Townsend សប្បាយ​ចិត្ត​ជា​ខ្លាំង​ គេ​ថែម​ទាំង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ផង​។

ទាក់​ទង​ការ​ចម្លង​របៀប​​អបអរ​តាម​ Ronaldo ​ខ្សែ​បម្រើ​ Everton រូប​នេះ​មិន​ដឹង​ថា​ Ronaldo ដឹង​ឬ​ក៏​អត់​ទេ​ តែ​កីឡាករ​រូប​នេះ​ក៏​បាន​និយាយ​បែប​លេង​សើច​ថា​ ប្រសិន​ជា​ Ronaldo ឃើញ​ប្រហែល​គេ​មិន​ឲ្យ​អាវ​ហ្នឹង​ទេ​៕

Most Popular

To Top